ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅឃុំអរិយក្សត្រនាំគ្នាទៅចាប់ដីតាមមាត់ប្រឡាយយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ អស់រយៈពេល៣ថ្ងៃ មកហើយដែលប្រជាពលរដ្ឋរាប់រយនាក់នៅឃុំអរិយក្សត្របាននាំគ្នាទៅបោះបង្គោល ចាប់យកដីតាមមាត់ប្រឡាយយ៉ាងអនា ធិបតេយ្យ ។

អ្នកស្រី កែម ណារិន ប្រជាពលរដ្ឋបាន និយាយថា ពួកគាត់សុទ្ធតែក្រីក្រអត់ដីនៅ ទើបនាំគ្នាមកចាប់ដីតាមមាត់ប្រឡាយនៅ ព្រោះឃើញដីនេះទំនេរនិងជាដីចំណី ប្រឡាយតែកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៧ អាជ្ញាធរបានហៅពលរដ្ឋទៅប្រជុំ នៅសាលាឃុំហើយបរែជាមានខាងក្រុមហ៊ុនដែលមានដីនៅក្បែរផ្លូវនាំយកគ្រឿងចក្រ មកឈូសឆាយដកបង្គោលរបស់ពួកគាត់ ចោល និងដាំបង្គោលកាន់កាប់ដីចំណី ប្រឡាយជាប់ផ្លូវនេះទៅវិញ ។

លោក ព្រំ ឫទ្ធី តំណាងឱ្យក្រុមហ៊ុនណាញប៊ែមប៊ូខូអូធីឌីបានឆ្លើយថា តាមពិតដីរបស់ក្រុមហ៊ុនមានប្លង់ត្រឹមត្រូវមានព្រំប្រទល់ជាប់នឹងផ្លូវ។ រីឯមូលហេតុដែល ក្រុមហ៊ុនបោះបង្គោលត្រឹមផ្លូវនេះដើម្បីការពារកុំឱ្យប្រជាពលរដ្ឋទន្ទ្រានយកដីក្រុមហ៊ុន ហើយបើសិនជារដ្ឋត្រូវការពង្រីក ផ្លូវក្រុមហ៊ុននឹងប្រគល់ឱ្យដោយគ្មានលក្ខខណ្ឌឡើយ ។

លោក ថោង សារុន ជំទប់ទី១ឃុំអរិយ ក្សត្របានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋដែលនាំគ្នាទៅចាប់ដីចែកគ្នាជាប្លង់ៗតាមដងផ្លូវ មាត់ប្រឡាយក្នុងឃុំអរិយក្សត្រនេះមាន៥ទីតាំង ទី១-នៅក្នុងភូមិទួលមាស មុខវត្ត ពេជ្រមកុដមាន១៩០គ្រួសារ ទី២-ក្នុងភូមិ អរិយក្សត្រមុខវត្តឧទុម្ពរមាន៤៣គ្រួសារ ទី៣-ក្នុងភូមិខ្សាច់ ខាងមុខខ្សាច់មាន៥២ គ្រួសារ ទី៤-នៅភូមិពោធិ៍ធំ តាមព្រែក តាម៉ែនមាន២៥គ្រួសារ និងទី៥-ក្នុងភូមិពោធិ៍ធំមិនទាន់ដឹងអំពីតួលេខនៅឡើយ។

លោកបានបន្តថា ការផ្អើលចាប់ដីនេះមានតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ មកម្លេ៉ះបើគិតគឺ៣ថ្ងៃមកហើយៗអាជ្ញាធរក៏បានសហការជាមួយសមត្ថកិច្ចឱ្យប្រជាពលរដ្ឋទាំងនោះផ្អាកសកម្មភាព ព្រោះជា អំពើល្មើសច្បាប់។ ចំពោះប្រជាពលរដ្ឋ ដែលនាំគ្នាមកចាប់ដីនេះមួយចំនួននៅក្នុងមូលដ្ឋានជាជនក្រីក្រអត់មានដី តែក៏មាន អ្នកខ្លះមានផ្ទះធំទ្រនំខ្ពស់និងមកពីមូលដ្ឋាន ផ្សេងៗ។ បញ្ហានេះអាជ្ញាធរឃុំបានធ្វើ របាយការណ៍បញ្ជូនទៅលោកអភិបាល ស្រុករួចហើយ ។

អភិបាលស្រុកល្វាឯម លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការនាំគ្នាមកចាប់កាន់កាប់ដីរបស់រដ្ឋជាអំពើល្មើសច្បាប់ណាមួយដីនៅម្ខាងអូរនីមួយៗដែលពួកគាត់នាំគ្នាមកចាប់យកនោះសុទ្ធតែជាដីចម្ការរបស់គេមានបណ្ណកម្មសិទ្ធិ។ រឿងនេះអាជ្ញាធរក៏បានទទួលពាក្យបណ្តឹង យ៉ាងច្រើនពីម្ចាស់ដី ។

លោកបានបន្ថែមថា ជំហានដំបូងយើងមិនចង់ប្រើវិធានការតាមច្បាប់ទេគឺព្យាយាមពន្យល់ពួកគាត់សិន ព្រោះជួនកាលពួកគាត់ អាចចាញ់ល្បិចកលមេខ្យល់។ តែយ៉ាងណាក៏ដោយមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាដកថយទៅខ្លះហើយដែរ ។

អភិបាលខេត្តកណ្ដាលលោកម៉ៅ ភិរុណ បានបញ្ជាក់ថា អាជ្ញាធរស្រុកបានចុះទៅសម្របសម្រួលជាបន្ដបន្ទាប់ដោយពន្យល់ណែនាំទៅកាន់ប្រជាពលរដ្ឋទាំងនេះថា ជាទង្វើខុសច្បាប់ចំពោះការចាប់ដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិនោះ ។

ពាក់ព័ន្ធសកម្មភាពខាងលើនេះលោកអភិបាលខេត្តបានចាត់ទុកថា បណ្ដាលមក ពីមានអ្នកបំផុសបំផុលទើបធ្វើឲ្យប្រជាពល រដ្ឋផ្សេងទៀតនាំគ្នាទៅចាប់ដីទាំងខុសច្បាប់ បែបនេះ។ តែយ៉ាងណាលោកអភិបាល ខេត្តបានបន្ដថា អាជ្ញាធរនឹងខិតខំប្រឹងប្រែង បន្ដទៀតដើម្បីចុះទៅសម្របសម្រួល និងពន្យល់ឲ្យប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្ម ភាពទាំងនេះ ។

ប្រជាពលរដ្ឋដែលចូលរួមទៅចាប់ដីខាងលើនេះបានប្រាប់ក្រុមអ្នកសារសែតថា មូល ហេតុដែលពួកគាត់ធ្វើបែបនេះដោយសារតែជីវភាពខ្វះខាត ហើយឃើញដីនៅជាប់មាត់ប្រឡាយទំនេរក៏ចាប់យកធ្វើទីតាំងជាបណ្ដោះអាសន្នតែម្ដង ៕ ហេង សូរិយា


ចែករំលែក៖