ការព្រមព្រៀងដកទ័ពចេញពីតំបន់ព្រំដែនដែលមានវិវាទរវាងចិន-ឥណ្ឌា គឺជា សញ្ញាមួយយ៉ាងល្អប្រសើរបំផុត ហើយ ប្រទេសនៅក្នុងតំបន់អាស៊ី ក៏បានបង្ហាញ នូវការអបអរសាទរ ចំពោះដំណោះស្រាយ ខាងលើនោះដែរ ។ ប្រទេសអាស៊ីមិន ចង់ឃើញ ខ្លាកំណាចទាំងពីរនៅអាស៊ី ប្រឈមមុខដាក់គ្នាដោយយោធាឡើយ ព្រោះនាំឲ្យប៉ះពាល់ដល់តំបន់ទាំងមូល។
ក្រោយការ ប្រឈមមុខយោធាដាក់គ្នា ដ៏តានតឹង អស់រយៈពេលពីរខែ មកកាល ពីថ្ងៃទី២៨ ខែសីហា ឥណ្ឌានិងចិន បាន ប្រកាសព្រមព្រៀងគ្នាដកកងទ័ពចេញពី តំបន់ជួរភ្នំហិមាល័យ ឬហិមពាន្ត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ការចរចា តាមផ្លូវទូត រវាងចិននឹងឥណ្ឌា ប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ បានរកឃើញកិច្ច ព្រមព្រៀងគ្នា និងកំពុងដំណើរការចរចាទៀត ដើម្បីឈានទៅដល់ការដកកងទ័ព ឱ្យបានកាន់តែឆាប់រហ័ស ចេញពីតំបន់ Doklam។
ស្ថិតនៅក្នុងតំបន់ជួរភ្នំហិមាល័យ និង ជាព្រំដែនខ័ណ្ឌចែកបីប្រទេស គឺចិនឥណ្ឌា និងប៊ូតង់ ដុក្លាម (ដុងឡាន ជាភាសាចិន) ជាតំបន់ខ្ពង់រាប ប្រកបដោយយុទ្ធសាស្ត្រ បំផុតសម្រាប់ឥណ្ឌា។ បីប្រទេសនេះ បាន ប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង តាំងពីពាក់ កណ្តាល ខែមិថុនាមក ដោយហេតុតែ គម្រោងសាងសង់ផ្លូវរបស់កងវិស្វកម្មចិន។ ប៉េកាំងបានធានាអះអាងថា ការសាងសង់ផ្លូវធ្វើឡើងក្នុងទឹកដីរបស់ខ្លួន។
ប៉ុន្តែឥណ្ឌានិងប៊ូតង់ប្រឆាំង ដោយ យល់ថាចិនបានចូលឈ្លានពាន ព្រោះ សំណង់ផ្លូវនោះស្ថិតក្នុងទឹកដីប៊ូតង់ ទើបឥណ្ឌាដែលដើរតួនាទីជាអាណាព្យាបាលប៊ូតង់លើឆាកអន្តរជាតិ បញ្ជូនទ័ពទៅធ្វើ រនាំងរាំងស្ទះការដា្ឋនសាងសង់ផ្លូវនោះ។ នៅទីបំផុត ក៏មានទាហានឥណ្ឌានិងចិន បានប៉ះទង្គិចគ្នាមួយប្រាវ បង្កឱ្យមានក្មេង រងរបួសជាច្រើននាក់។
សូមបញ្ជាក់ថា ចិននិងឥណ្ឌាមានព្រំ ដែនរួមគ្នាប្រមាណ៣៥០០គីឡូម៉ែត្រ តាមបណ្តោយជួរភ្នំហិមាល័យ ប៉ុន្តែគ្មាន ខ្សែគំនូសខណ្ឌចែកកំណត់ដោយច្បាស់លាស់ឡើយ។ ដុក្លាម ជាដែនដីដាច់ស្រយាល គ្មានមនុស្សរស់នៅ ជាប្រភពនៃជម្លោះទាមទារពីសំណាក់ចិននិងប៊ូតង់ដែលសម្ពន្ធ មិត្តរបស់ឥណ្ឌា៕ ម៉ែវ សាធី