ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីជំនាញស៊ីម៉ាក ដែលមានការដឹកនាំកម្លាំងស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួម នឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក តេង សាម៉ៃ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត៣ទៅ៤ម៉ោងទៅលើករណីផ្ទុះរថយន្ត១គ្រឿងម៉ាកIZUZU គ្មានមូលហេតុនៅខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ និងផ្ទះប្រជាពលរដ្ឋ៣ខ្នងរងការខូចខាត ត្រូវបានលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានអះអាងបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះរថយន្តនោះមិនជាប់ពាក់ព័ន្ធ និងអំពើភេវរកម្មនោះឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់បណ្តាលមកពីការដឹកផ្ទុករំសេវបំផ្ទុះTNTនោះដែរ ។
ការផ្ទុះនោះអាចបណ្តាលមកពីមូលហេតុចំនួន២ប្រភេទទី១,សង្ស័យបង្កមកពីការរថយន្តដឹកផ្ទុករំសេវផាវគ្រាប់បែក និងផាវកាំជ្រួចខុសបច្ចេកទេសមានការកកិត ដោយគ្មានការវិចខ្ចប់ត្រឹមត្រូវឆ្លងចរន្តភ្លើងទៅ និងផាវគ្រាប់បែករឺទី២,សង្ស័យអាចផ្ទុះឆ្លងចរន្តភ្លើងម៉ាស៊ីនរថយន្តទៅនឹងផាវរំសេវគ្រាប់បែក ដឹកផ្ទុកលើសទម្ងន់កំណត់សំពីងសំពោង ដែលមានចងដឹកផ្ទុកម៉ូតូ៤គ្រឿងពីលើរថយន្តនោះថែមទៀតផង ទើបអាចបណ្តាលឲ្យផ្ទុះតែម្តង ។ ការអះអាង និងការបំភ្លឺរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌគឺដើម្បីបញ្ចៀសកុំឲ្យមហាជនមានការភាន់ច្រឡំ និងបង្កកើតមានភាពវឹកវរសង្គម ។ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមសង្គមហ្វេសប៊ុកបានផ្សាយបំប៉ោងថាករណីនោះជាអំពើភេរវកម្មរឺការផ្ទុះគ្រាប់បែកទៅវិញនោះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល១១ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណូចភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានករណីរថយន្ត១គ្រឿងម៉ាកIZUZU ដឹកផ្ទុករំសេវផាវគ្រាប់បែងជាច្រើនតោន និងម៉ូតូ៤គ្រឿង បានរងការផ្ទុះលាន់ទ្រហឹងមានសភាពធ្ងន់ធ្ងរជាងផ្ទុះគ្រាប់មីនតោន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ។
ការផ្ទុះនោះ បណ្តាលឲ្យអ្នកជិះក្នុងរថយន្ត៣នាក់ស្លាប់ និងអ្នកជិះម៉ូតូរ៉ឺម៉ក១គ្រឿងមានគ្នា២នាក់ នៅក្បែរកន្លែងកើតហេតុបានរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យស្រុកមង្គលបុរី ។ ចំណែកប្រជាពលរដ្ឋលក់ដូរ និងរស់នៅក្បែរកន្លែងកើតហេតុគេចផុតពីគ្រោះថ្នាក់ ។ សាកសពជនរងគ្រោះ៣នាក់ និងរថយន្តរួម និងម៉ូតូ៤គ្រឿងត្រូវគេមើលឃើញថាបានបែកជាបំណែកៗផ្លោងខ្ទាតចម្ងាយពី១០០ម៉ែត្រទៅ២០០ម៉ែត្រ ។ មិនតែប៉ុណ្ណោះឥទ្ធិពល នៃការផ្ទុះក៏បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នងរងការខូចខាតបែករបើកដំបូល និងរបើកជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ ឲ្យដឹងថា រថយន្តនោះបានធ្វើដំណើរចេញពីក្រុងសិរីសោភ័ណបម្រុងឆ្ពោះទៅរាជធានីភ្នំពេញលុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែផ្ទុះគ្មានមូលហេតុបណ្តាលឲ្យលាន់ឮទ្រហឹង នាំឲ្យប្រជាពលរដ្ឋមានការតក់ស្លត់ជាខ្លាំង ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះប្រាប់ ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១,ឈ្មោះ ញ៉ូ វិរៈ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាអ្នកបើករថយន្ត ២,ព្រំ រស់ ភេទប្រុស អាយ៤៣ឆ្នាំ រស់នៅភូមិបត់ត្រង់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ៣,សីហា ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងក្រុងសិរីសោភ័ណ ។ ចំណែកអ្នករងរបួស២នាក់ទៀតសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយណោះទេ ។
បើតាមប្រភពព័ត៌មានពីប្រពន្ធសពជនរងគ្រោះប្រាប់ ឲ្យដឹងថា ប្តីរបស់គាត់ជាអ្នកបើករថយន្តស៊ីឈ្នួលដឹកទំនិញទៅវិញទៅមកពីក្រុងសិរីសោភ័ណ-ភ្នំពេញជាយូរឆ្នាំមកហើយ ។ នៅមុនថ្ងៃកើតហេតុប្តីគាត់បានទៅដឹកទំនិញចេញពីចំណតរថយន្តចាស់ក្នុងក្រុសរិសោភ័ណ ។ មិនដឹងថាទំនិញនៅលើរថយន្តជារបស់ថៅកែណាម្នាក់នោះឡើយ ។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រថយន្តនោះខូចប្តីនាងយកទៅធ្វើនៅកន្លែងជាងជួសជុលរថយន្តមួយក្នុងក្រុងសិរីសោភ័ណ លុះបន្ទាប់មកទើបគាត់ទៅយករថយន្តពីកន្លែងជាងទៅដឹកផ្ទុកទំនិញនៅចំណតរថយន្តនោះតែម្តង ។
ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌបញ្ជាក់ឲ្យដឹងទៀតថាទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែបន្តបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតលម្អិតបន្ថែមទៀតទៅលើបញ្ហាខាងលើនោះ៕សំ វិច្ឆិកា