ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសម្នាក់អាយុ៦៤ឆ្នាំ មានជំងឺប្រចាំកាយរើឡើងបណ្ដាលឲ្យគាំងបេះដូងស្លាប់មួយរំពិច បន្ទាប់ពីក្រុមគ្រួសារដឹកពីខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ខណៈពេលកំពុងធ្វើដំណើរមកដល់ចំណុចមុខវិទ្យាស្ថានតិចណូ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅមុខចំណុចសាលា តិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុង្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះឈ្មោះ លូយ សុខផាត ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិត្រពាំងងាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តកំពង់ចាម ។
បើតាមសម្តីពីប្អូនឈ្មោះ បាទ មឿន បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានហៅរថយន្តឈ្មួល ដើម្បីជិះចេញពីខេត្តកំពង់ចាម ក្នុងគោលបំណងយកបងប្រុសរបស់គាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យ ព្រះកុសមៈ ដែលហៅកាត់ថា (មន្ទីរលោកសង្ឃ) ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុង្សី ដល់មុខចំណុចសាលា តិចណូ រថយន្តឈ្មួលក៏បានដាក់ពួកគាត់ចុះ ដោយសារតែឃើញស្ថានភាពមិនសូវស្រួល។ ក្រោយពីដាក់ពួកគាត់ចុះពីលើរថយន្តរួចមក រថយន្តឈ្មួលក៏បានបើកចេញទៅបាត់។ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះខាងលើបានធ្វើទុកយ៉ាងខ្លាំង បណ្តាលអោយដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងពិនិត្យមើលរួច បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កុមារជាតិ ដឹកសពខាងលើយកទៅដាក់ដំកល់ទុកនៅមន្ទីរពេទ្យ រុស្សី ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ស តារា