ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណ៥ខ្នង ត្រូវបានដួលរលំ និងរបើកដំបូល ខណៈដែលមានខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀង ផ្គរ រន្ទះបោកបក់យ៉ាងខ្លាំងធ្វើឲ្យអ្នកភូមិ នាំគ្នារត់ចូលជ្រកក្រោមផ្ទះភ្លាមៗ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុង៥ភូមិ ក្នុងឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមមន្ត្រីស្រុកកំពង់រោទ៍បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ មានមេឃងងឹតភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់យ៉ាងខ្លាំងបង្កឲ្យផ្ទះអ្នកភូមិ ត្រូវបានដួលរលំផ្ទះ ខ្លះរបើកដំបូលរងការខូចខាតមានដូចជាម្ចាស់ផ្ទះ ឈ្មោះឈៀង ឡា អាយុ៣៧ឆ្នាំ ភេទប្រុស មុខរបរកសិករ រស់នៅភូមិព្រៃរបឹស ឃុំត្នោត ដោយផ្ទះសង់ពីកូនឈើផ្ទាល់ដី ជញ្ជាំង និងដំបូលប្រក់សង្កសី ទំហំ៧ម៉ែត្រ គុណ៥ម៉ែត្រត្រូវបានដួលរលំទាំងស្រុង ។
ម្ចាស់ផ្ទះឈ្មោះ សាញ់ វ៉ឹង អាយុ៤៧ឆ្នាំ ភេទប្រុស មានទីលំនៅភូមិធ្លកថ្មី ឃុំត្នោត ផ្ទះសង់ពីកូនឈើ ជញ្ជាំងនិងដំបូលសង្កសី ទំហំ ៥គុណនឹង៦ម៉ែត្រ ត្រូវរបើកដំបូលចេញទាំងស្រុង ។
ម្ចាស់ផ្ទះឈ្មោះ ឈឹម លូត អាយុ34ឆ្នាំ ភេទប្រុស មានទីលំនៅភូមិពោធិ ឃុំត្នោត ផ្ទះសង់កូនឈើ ដំបូល និងជញ្ជាំងធ្វើអំពីសង្កសី ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ រលំទាំងស្រុង។
ម្ចាស់ផ្ទះឈ្មោះនាង ចន្នា អាយុ ៤០ឆ្នាំ ភេទប្រុស មានទីលំនៅភូមិក្បាលថ្នល់ ផ្ទះសង់ពីកូនឈើ ដំបូល និងជញ្ជាំងសង្កសីទំហំ6ម៉ែត្រគុណ5ម៉ែត្រ ត្រូវរបើកដំបូលទាំងស្រុង និងម្ចាស់ឈ្មោះមួន ទីន អាយុ 33ឆ្នាំ ភេទប្រុស មុខរបរកសករ មានទីលំនៅភូមិធំ ឃុំត្នោត ខណៈដួលដើមឈើសង្កត់ផ្ទះបាក់ ហើយសំភារខូចខាតមួយចំនួនទៀត។
ប្រភពបន្តថា ចំពោះករណីគ្រោះធម្មជាតិនេះ មិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងរបួសនោះទេ ខណៈអាជ្ញាធរស្រុកអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយត្ន័ខ្ពស់ ពេលភ្លៀងនិងរន្ទះ គួរបិទទូរសព្ទ័មិនត្រូវជ្រកក្រោមដើមឈើ ឬក៏លោហធាតុដែលមានជាតិដែក ព្រោះវាងាយស្រួលបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់អាយុជីវិតផងដែរ៕ យឹម សុថាន