ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ី នៅតែជា ដៃគូដ៏ល្អ និងជាម្ចាស់ជំនួយ ដ៏ធំ ជួយដល់សហគមន៍ខ្មែរ ឥស្លាម ដើម្បីកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ បែបនេះ ខណៈលោក ទទួលដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Sri Jamil Khir Bin Haji Baharom រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ជំនួយ ដ៏ធំជាងគេ ជូនដល់សហគមន៏ខ្មែរឥស្លាម ពិធីទទួលដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្ដទៅថៃ្ងទី០២ កញ្ញា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីមកកម្ពុជា នៅពេលនេះ គឺមាន គោលបំណង ដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងសាមគ្គីភាព ជាមួយថ្នាក់ដឹកនាំសហគមន៏ឥស្លាមនៅកម្ពុជា ជាពិសេស និងចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ។ ដើម្បីពិភាក្សារឹតចំណងសាមគ្គីភាព មិត្ដភាព និងរក្សាការបន្ដ ផ្ដល់ជំនួយឥតសំណង ជួនដល់សហគមន៏ ខ្មែរឥស្លាម កាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបន្តថា៖ ក្នុងដំណើរមកដល់កម្ពុជានេះដែរ គណៈប្រតិភូ ក៏នឹងអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាម Jamik Negeri នៅកំពង់ចាម ក្រោម អធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិរការ ឃុំសំបូរមាស ក្រុងកំពង់ចាម នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ។
ចំណែកការងារមួយទៀត ដែលរដ្ឋមន្រ្តីម៉ាឡេស៊ីអញ្ជើញមកនេះ ក៏នឹងចូលរួមសម្ពោធវិទ្យាស្ថានអាន់នៀកម៉ះអាល់អីស្លាមីយ៉ះ ភ្នំពេញ ដែលជាការឧបត្ថម្ភដោយ ក្រុមប្រឹក្សា ឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី ជានាយកដ្ឋានមួយដែលនៅក្រោម ការគ្រប់គ្រងរបស់លោកដោយផ្ទាល់រួមជាមួយនឹងនាយកដ្ឋានសំខាន់ៗ ចំនួន១២ផ្សេងៗទៀត ដែលសុទ្ធតែស្ថិតនៅក្រោម ទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ដែលវិទ្យាស្ថានមួយនេះ នឹងសម្ពោធដាក់អោយ ប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ សំរិត