ខេត្តកំពង់ឆ្នាំង ៖ រហូតមដល់នឹងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកំពុងបន្តនីតិវិធី នៃការស្រាវជ្រាវ លើករណីសម្លាប់ស្រ្តីម្នាក់ច្រកក្នុងការ៉ុងយកបោះចោលនៅតាមផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃពិស ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ករណីរកឃើញសាកសពនៅក្នុងការ៉ុងនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបាត់សមាជិកគ្រួសារ សូមមកទំនាក់ទំនងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ឬ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ។
លោកស្នងការរងបានបញ្ជាក់ថា កាលពីម៉ោងប្រមាណជាង២រសៀលនោះ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុនេះ មានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញ ការ៉ុងសពនេះ ដែលគេបានចងមាត់ការ៉ុងជិតទុកចោលនៅលើផ្លូវក្រាលគ្រួសក្រហមអែប មាត់លូ ។ នៅពេលពលរដ្ឋឃើញការ៉ុងនេះដំបូងស្មានថា ជាការ៉ុងច្រកស្មៅទុកចោលនៅទីនោះ ហើយឃើញដូចនេះក៍បានឲ្យកូនយកកាំបិតមកកាត់ខ្សែ ចំណងមាត់ការ៉ុងចេញ ស្រាប់តែឃើញជើងមនុស្សចេញមកខាងក្រៅ ហើយមានការភិតភ័យជាខ្លាំង ក៏រត់ទៅរាយការប្រាប់សមត្ថកិច្ចនៅទីនោះ ក៏មានការភ្ញាក់ផ្អើលឡើងតែម្តង ។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសព ឃើញថា សពនោះជាស្រ្តី វ័យប្រហែលជា៤០ឆ្នាំ នៅលើខ្លួនសាកសពមានស្នាមកាប់ជាច្រើកាំបិតនៅលើ ក មុខ ក្បាល ក្រោយពីពិនិត្យសាកសពរួចរាល់សមត្ថកិច្ចនៅមិនទាន់អាចស្គាល់អត្តសញ្ញស្រ្តីរងគ្រោះនៅឡើយនោះ ហើយស្រ្តីរងគ្រោះមិនមែនជាអ្នកស្រុកទីនោះដែរ ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និង សមត្ថកិច្ច ជំនាញបានសន្និដ្ឋានដំបូងថា គឺជាករណីឃាតកម្ម ធ្វើនៅកន្លែងផ្សេង ហើយមកទម្លាក់ចោលនៅទីនេះ នៅក្នុងចន្លោះម៉ោង២ទៅ៣យប់ កណ្តាលអធ្រាត្រ ក្នុងពេលដែលស្ងាត់ ។
បច្ចុប្បន្នដោយសារតែ ពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះ សមត្ថកិច្ចបានសម្រេចកប់សាកសពជនរងគ្រោះទុកដើម្បីរកបងប្អូនសាច់ញាតិ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងតែបន្តការស្រាវជ្រាវរដើម្បីឈានទៅឃាត់វែកមុខជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ចន្ថា