ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសាសនានៃប្រទេស ម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិហារខ្មែរឥស្លាមនៅទីរួមខេត្តកំពង់ចាមកាលពីព្រឹកមិញហើយ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato Sri Jamil Khir រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួល បន្ទុកសាសនា របស់ប្រទេសម៉ាឡេស៊ី ។

លោក Dato Sri Jamil Khir ធ្លាប់បានមកកម្ពុជាម្តងរួចមកហើយ។ លោករដ្ឋមន្រ្តី បានឃើញកម្ពុជា ពេលនេះមានការខុសប្លែកស្ទើរទាំងស្រុងពីពេលមុន។ លោកបានឃើញកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងដំណើរបំពេញទស្សនៈកិច្ចពេលនេះ លោករដ្ឋមន្រ្តីក៏បានសង្កេត ឃើញថាទាំងប្រជាជនកម្ពុជាក៍ដូចជាអ្នកកាន់សាសនាឥស្លាមគឺមានការគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសនៅក្នុងពិធីសម្ពោធព្រះវិហារឥស្លាមនៅទីរួមខេត្តកំពង់ចាមកាលពីព្រឹកមិញនេះគឺជាសក្ខីភាពស្រាប់។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងមានក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជា មួយលោករដ្ឋមន្រ្តី Dato Sri Jamil Khir ថ្ងៃនេះ។ សម្តេចតេជោ ក៏បានជំរាបជូនផងដែរថា កម្ពុជាពិតជាមានការផ្លាស់ប្តូរដ៏ធំមែន គឺការអភិវឌ្ឍ សេ្ថរភាពនយោបាយ និងសង្គម ព្រមទាំងសន្តិភាពពេញលេញដែលកំពុងផ្តល់ឱកាសគ្រប់បែបយ៉ាងដល់ពលរដ្ឋ។ ការរីកចម្រើនសព្វថ្ងៃ ជាពិសេសវិស័យសំណង់ ដែលកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងដូចដែលយើងបានឃើញនូវអគារខ្ពស់ៗយ៉ាងច្រើនក្នុងទីក្រុង។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថាការអភិវឌ្ឍទាំងនេះមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភ និងការវិនិយោគមកពីបរទេសបានឡើយ ជាពិសេសពីការវិនិយោគទុនមកពីប្រទេសម៉ាឡេស៊ី។ សម្តេចតេជោ បានបញ្ជាក់ផងដែរអំពីទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា គឺមិនប្រកាន់ថាជាព្រះពុទ្ធសាសនា ឬ ឥស្លាមសាសនានោះទេ គឺពលរដ្ឋមានភាពជិតស្និទ្ឋ។ ទំនាក់ទំនងដ៏ជិតស្និទ្ឋប្រកបដោយក្តីស្រឡាញ់ ចំពោះប្រជាពលរដ្ឋ គឺសម្តេចបានផ្សារភ្ជាប់តាមរយៈការអញ្ជើញចុះជួបសួរសុខទុក្ខ និងចុះជួយប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងតែជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលនៅពេលនោះ គឺសម្តេចតេជោ មានវត្តមាននៅក្នុងវាលស្រែ និងតាមប្រឡាយទឹកក្នុងការជួយដល់កសិករ។

នៅពេលនេះ កម្ពុជាកំពុងតែជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ស្របតាមគោលនយោបាយឧស្សាហកម្មឆ្នាំ (២០១៥-២០២៥) ដែល សម្តេចតេជោ កំពុងអញ្ជើញចុះជួបសួរសុខទុក្ខ និងជួយបងប្អូនកូនក្មួយកម្មករកម្មការនី និយោជិត និងនិយោជកជារៀងរាល់សប្តាហ៍។

ចំពោះសិទ្ឋិជំនឿសាសនា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា ទោះបីកាន់សាសនាឥស្លាមក៏ដោយ ក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសលើវិស័យកំណែរទម្រង់ឡូត៍នេសាទ ដែលប្រជាពលរដ្ឋ កាន់សាសនាឥស្លាមបានជួយលើវិស័យ នេះយ៉ាងច្រើន។ ដោយឡែកលើវិស័យអប់រំ និងការងារផ្សេងៗ នៅកម្ពុជា គឺមិនមានការកាត់ផ្ដាច់ បែងចែកប្រជាពលរដ្ឋអ្នកកាន់សាសនានេះឬសាសនានោះឡើយ។

នៅក្នុងកិច្ចពិភាក្សារសៀលនេះ សម្តេចតេជោ បានស្នើសុំឲ្យលោករដ្ឋមន្ត្រី ជួយជំរុញដល់ការបណ្តុះបណ្តាលផ្នែកហាឡាល់ ដល់ប្រជាពលរដ្ឋកាន់សាសនាឥស្លាម និងជួយជំរុញអ្នកវិនិយោគគិនឥស្លាម មកកាន់កម្ពុជាអោយបានច្រើន ដើម្បីជំរុញការផលិតម្ហូបអាហារហាឡាល់សម្រាប់ការនាំចេញ ព្រមទាំជួយ ជំរុញការវិនិយោគលើវិស័យផ្សេងៗទៀតដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកម្ពុជាអោយបានលឿនទៅមុខ។ លោករដ្ឋមន្ត្រី Dato Sri Jamil Khir បានគាំទ្រសំណើររបស់ សម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងខិតខំជំរុញវិស័យនេះអោយបានក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំពិភាក្សាកាលពីរសៀលថ្ងៃនេះ គឺបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1446391498742676/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖