ក្រោយពីសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦របស់កូរ៉េខាងជើងរួចមក កូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់ មីស៊ីល នៅថ្ងៃទី៣ ខែកញ្ញា ដោយមាន គោលដៅវាយប្រហារទៅលើ ទីតាំង បរមាណូរបស់កូរ៉េខាងជើង ។
តាមការប្រកាសរបស់ទីបញ្ជាការ កងទ័ពកូរ៉េខាងត្បូង JCS កម្លាំងទាហាន ប្រទេសនេះបាន ធ្វើសមយុទ្ធបាញ់ គ្រាប់ពិត ដោយមានការចូលរួមពី យន្តហោះចម្បាំង F-15 និងកាំជ្រួច មីស៊ីល។
នៅក្នុងការធ្វើសមយុទ្ធកាំជ្រួចមីស៊ីល Hyunmoo និង មីស៊ីលរយៈចម្ងាយឆ្ងាយ បានបាញ់ចំគោលដៅដែលបានកំណត់ នៅលើដែនសមុទ្រប្រទេសជប៉ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលខាងលើអាចវាយប្រហារទៅលើទីតាំង សាកល្បងបរមាណូរបស់កូរ៉េខាងជើង នៅតំបន់ Punggye ri ។
តាមការប្រកាសរបស់ JCS សមយុទ្ធខាងលើក្នុងគោលដៅជួយដល់កម្លាំង ទាហានកូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថ ភាពវាយប្រហារ ចំគោលដៅ និងកាត់ផ្តាច់ ប្រភពជំនួយ របស់សត្រូវពេលមាន សង្គ្រាមកើតឡើង។
ការធ្វើសមយុទ្ធរបស់កម្លាំងទាហាន កូរ៉េខាងត្បូង កើតឡើងក្រោយកូរ៉េខាង ជើង បានប្រកាស សាកល្បងបរមាណូ ដោយជោគជ័យ នូវប្រភេទបរមាណូ ហីុត្រូសែន សម្រាប់បំពាក់នៅលើកាំជ្រួច មីស៊ីលឆ្លងទ្វីប ។ នេះជាការសាកល្បង បរមាណូលើកទី៦ របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦មកទល់ពេលនេះ។ ការសាកល្បងបានធ្វើឡើងក្រោយកូរ៉េខាងជើង ទទួលបានជោគជ័យ ក្នុងការសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ហោះកាត់ប្រទេសជប៉ុន។
សកម្មភាពរបស់កូរ៉េខាងជើង បាន បង្ហាញយ៉ាងច្បាស់ថា អាមេរិក និងអង្គការ សហប្រជាជាតិ អសមត្ថភាព ក្នុងការរារាំង កូរ៉េខាងជើង នៅក្នុងកម្មវិធីបរមាណូ និង មីស៊ីល ។នៅពេលនេះកូរ៉េខាងជើង បាន សម្រេចគោលដៅ ក្លាយជាប្រទេសមហា អំណាចបរមាណូ ថ្មីមួយទៀតនៅតំបន់ អាស៊ី ពេលនេះអាមេរិកពិបាកវាយប្រហារ ផ្តួលរំលំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោល ទោសយ៉ាងខ្លាំង ទៅលើសកម្មភាពសាកល្បងបរមាណូរបស់កូរ៉េខាងជើង ហើយក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
នៅពេលនេះដែរថា តើប្រធានាធិបតី កូរ៉េខាងត្បូង អាចផ្លាស់ប្តូរគោលជំហរ របស់លោក ដើម្បី ដាក់បរមាណូ នៅលើ ទឹកដីរបស់ខ្លួនសម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង ដែរឬទេ? កន្លងមក អាមេរិក មានគម្រោង បញ្ជូនគ្រាប់បែកបរមាណូ មកកាន់ឧបទ្វីបកូរ៉េ គឺដាក់នៅលើទឹកដី កូរ៉េខាងត្បូង។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងសេ អ៊ូល ប្រកាន់យក ការមិនរីកសាយភាយ អាវុធបរមាណូ។
ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិន បើកូរ៉េខាងត្បូង ដាក់បរមាណូនោះ ប្រទេសនេះមិនខុសអ្វីពីកូរ៉េខាងជើង ដែលពិភព លោកខិតខំរារាំង តែខ្លួនបែរជាបញ្ជូនអាវុធប្រល័យលោក មករក្សាទុក ។
កន្លងមកថសហរដ្ឋអាមេរិក បាន ស្នើដល់សម្ពន្ធមិត្តកូរ៉េខាងត្បូង ឲ្យដាក់បរមាណូ នៅលើទឹកដីរបស់ខ្លួន ក្នុងគោលដៅទប់ ស្កាត់ ការគំរាមកំហែងពីកូរ៉េខាងជើង ។ ប៉ុន្តេ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានប្តេជ្ញាថា មិនឲ្យមានបរមាណូនៅលើទឹកដីរបស់ខ្លួនឡើយ។
មន្ត្រីខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Cheong Wa Dae បានប្រាប់ ក្រុមអ្នកកាសែតក្នុង លក្ខខណ្ឌអនាមិកថា “យើងមិន ដែល គិតថា យើងគួរតែប្តូរទ្រព្យសម្បត្តិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ទេ” ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី ប្រទេស កូរ៉េខាងត្បូង ក៏បាន បង្ហាញ យ៉ាងច្បាស់ ដែរថា ខ្លួនគ្មានការពិចារណាលើការដាក់ ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែររបស់សម្ពន្ធមិត្តអាមេរិក នៅក្នុងប្រទេស បន្ដ ទៀតទេ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ក្នុងកិច្ចប្រជុំ ជាមួយសមភាគី អាមេរិកលោក James Mattis នៅរដ្ឋ ធានីវ៉ាស៊ីនតោន ដែលការព្រមាននេះ ត្រូវបានគេគិតថាប្រហែលជាពាក់ព័ន្ធនឹងការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលក៏ដូចជាអាវុធនុយក្លេអ៊ែរ របស់សម្ពន្ធមិត្ត របស់ខ្លួនហើយមើលទៅ។
នៅពេលនេះមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានផ្តោតការយកចិត្តទុកដាក់លើ ការ អភិវឌ្ឍ អាវុធមីស៊ីល របស់ខ្លួនក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោក នៅក្នុង ខែកក្កដា និងសីហាដោយគ្មានការត្រួតពិនិត្យណាមួយ ពីបរិក្ខារពាក់ព័ន្ធនឹងសេដ្ឋកិច្ចឡើយ។
ក្នុងចំណោមទស្សនកិច្ចសាធារណៈ ទាំង១៣លើក របស់លោក គីម ជុងអ៊ុន ក្នុងរយៈពេលដែលបានលើក ឡើងនេះ សកម្មភាពចំនួន ១២ចំណុច ពាក់ព័ន្ធនឹង លោក គីមជុងអ៊ុន ចុះត្រួតពិនិត្យមើល តំបន់ពាក់ ព័ន្ធនឹងយោធា។ នេះបើយោងតាមការវិភាគរបស់ភ្នាក់ងារព័ត៌មានយ៉ុនហាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយរបស់ កូរ៉េខាង ជើង ហើយចំនួន១០ករណីដែលទាក់ទងទៅនឹងការអភិវឌ្ឍមីស៊ីល ដែលជាផែន ការរបស់ មេដឹកនាំរូបនេះតែម្ដង។
ក្រុមអ្នកឯកទេស បានលើកឡើងថា ក្រោយពេលកូរ៉េខាងជើងបានសាកល្បងបរមាណូ ពង្រួមតូចសម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីល គឺជាការបញ្ចប់រាល់សកម្មភាពបង្ខំឲ្យទីក្រុងព្យុងយ៉ាង បោះបង់ បរមាណូ ។ បើអាមេរិកចង់វាយប្រហារ ផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង ក៏មិន មែនជារឿងងាយស្រួលនោះដែរ ដោយ កូរ៉េខាងជើង មានបរមាណូ បំពាក់នៅ លើកាំជ្រួចមីស៊ីល អាចវាយបកទៅលើ អាមេរិក ក៏ដូចជាប្រទេសនៅក្នុងតំបន់។ បើមានសង្គ្រាមកើតឡើងនោះ កូរ៉េខាង ជើង អាច ធ្វើឃាតដោយបរមាណូ វាយ ប្រហារទីតាំងអាមេរិកនៅកូរ៉េខាងត្បូងនិងជប៉ុនឲ្យប្រទេសទាំងនោះ រលាយដូចគ្នា ៕ ម៉ែវ សាធី