ភ្នំពេញ៖ យុវជនម្នាក់កំពុងតែដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវជនឈ្លៀតឱកាសលួចយកម៉ូតូបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខក្លោងទ្វារវត្ត តាភេម តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលជនឈ្លៀតឱកាសលួចយកទៅបាត់ម៉ាកឌ្រីម សង់សេ ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 1CI-3894 ។
តាមប្រភពបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកពីធ្វើការជាមួយនារីម្នាក់ ជាសន្តិសុខដូចគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេ តុនៅមុខវត្តតាភេម នារីដែលជិះជាមួយគាត់បានពឹងឲ្យឌុបឆ្លងផ្លូវ ខណៈនោះរូបគាត់និយាយថា មិនហ៊ានឆ្លងផ្លូវទេ។ ប៉ុន្តែគាត់អាណិតក៏ឆ្លងបានបន្តិចជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់សេ១២៥ សេរី ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋឃាត់រូបគាត់ដើម្បីដោះស្រាយ។ បន្ទាប់មក ម៉ូតូរបស់គាត់ត្រូវជនសង្ស័យបណ្តើរជិះចេញបាត់ រីឯភាគីម៉ូតូមួយគ្រឿងដែលគ្រោះថ្នាក់ជាមួយគ្នាចេញទៅបាត់ដែរ។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោកដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ