ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទួរីស១២កៅអីបុកជាមួយអ្នកជិះម៉ូតូបញ្ច្រាសគ្នាស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈដែលរថយន្តទួរីស១២កៅអី បុកជាមួយអ្នកជិះម៉ូតូបញ្ច្រាសគ្នា ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលដឹកមកកាន់មន្ទីរពេទ្យឯកជន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកញា ឆ្នាំ២០១៧ នៅខាងមុខតំបន់សេដ្ឋកិចពិសេសតាយសេង ផ្លូវជាតិលេខ១ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ ពៅ ឆក អាយុ២៧ឆ្នាំ មិនស្គាល់ទីលំនៅ ដោយជិះម៉ូតូមួយគ្រឿងធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿន ខណៈនោះស្រាប់តែមានរថយន្តទួរីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង ២H១៩៧៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ដែលធ្វើដំណើរបញ្ច្រាសគ្នា ស្រាប់តែបុកគ្នាពេញទំហឹងរងរបួសធ្ងន់ត្រូវសមត្ថកិច្ចដឹកទៅព្យាបាលនៅគ្លីនីកឯកជនមួយកន្លែង ប៉ុន្តែដោយរងរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់។

ចំណែកអ្នកបើករថយន្តក្រោយកើតហេតុ បានបើកទ្វារថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីវាស់វែងធ្វើកំណត់ហេតុរួចមក មូលហេតុបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងដោយសារតែអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។

វត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចនគរបាលបានអូសមកកាន់អធិការនគរបាលក្រុងបាវិតដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖