ព័ត៌មានទាន់ហេតុការណ៍៖

កុងតឺន័រកៀររ៉ឺមកម៉ូតូដឹកក្មេង១១នាក់ចេញពីសាលារៀនក្រឡាប់ សំណាងល្អរបួសស្រាលតែម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូរ៉ឺម៉កមួយគ្រឿងដែលដឹកក្មេង១១នាក់ចេញពីសាលាទៅផ្ទះត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតពេជ្រ ស្រ៊ុនកៀរក្រឡាប់ តែសំណាងល្អមិនមាននរណាម្នាក់ត្រូវបាត់បង់ជីវិតទេ គ្រាន់តែរងរបួសតែប៉ុណ្ណោះ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីម៉ោង៤និង៣០នារសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៧ស្ថិតក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយអ្នកបើកបររថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្សល់ទុករថយន្តនៅកន្លែងកើតហេតុដែលជារបស់ផែស្ងួតពេជ្រ ស្រ៊ុន មានពាក់ស្លាកលេខ (ក្បាល) ភ្នំពេញ3A-1672 និង (កន្ទុយ) លេខភ្នំពេញ4A-0934 ។ ដោយឡែក ខាងម៉ូតូរ៉ឺម៉ក អ្នកបើកឈ្មោះពំ វុទ្ធាដារិទ្ធ អាយុ៣៣ឆ្នាំ មានទីលំនៅត្រពាំងឈូក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។ រីឯក្មេង១១នាក់ មានម្នាក់រងរបួសធ្ងន់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ និងម៉ូតូរ៉ឺម៉កបានធ្វើដំណើរស្របទិសគ្នា (ពីជើងទៅត្បូង) ។ លុះមកដល់ចំណុច រថយន្តកុងតឺន័រ បានបើកជែងម៉ូតូរ៉ឺម៉កទៅមុនធ្វើឲ្យប៉ះកន្ទុយរ៉ឺម៉កសណ្តោងទៅប៉ះម៉ូតូរ៉ឺម៉កម៉ូតូដែលចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ក្រពឹតតួខាងក្រោយ ហើយក្មេងៗនាំគ្នាស្រែកភ្លាត់សំឡេង តែរងរបួសក្បាលតែម្នាក់ប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឯក្មេងរងរបួសត្រូវបានបញ្ជូនទៅរុំរបួសនៅគ្លីនិកឯកជនភ្លាមដែរ ៕ ប្រាថ្នា


ចែករំលែក៖