ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ីឥណទានម្នាក់ពីបទរំលោភលើទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ឥណទានម្នាក់ត្រូវបាននាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ដោយចោទពីបទរំលោភលើទំនុកចិត្ត (ប្រមូលលុយពីអតិថិជនយកទៅស៊ីចាយអស់ជាង១១លានរៀល)។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីម៉ោង១៩និង២៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសបានប្រាប់ថា៖ ជនសង្ស័យឈ្មោះ សុទ្ធ សុភ័ត្ត្រសុផាន ហៅយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទាន (ប្រចាំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ) ស្នាក់នៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោក លី ប៊ុនអ៊ាង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរនាយក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានមកសុំបំរើការងារនៅក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទានប្រចាំសង្កាត់ឃ្មួញ (ខណ្ឌសែនសុខ) រហូតដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៧ ជនសង្ស័យបានប្រើល្បិច ដោយបានប្រមូលលុយពីអតិថិជនបានចំនួន ១១៤៩១១០០រៀល (ដប់មួយលាន សែសិបប្រាំបួនម៉ឺន មួយពាន់ មួយរយរៀគត់) យកទៅស៊ីចាយសប្បាយហើយបានធ្វើវិក័យបត្រក្លែងបន្លំមកក្រុមហ៊ុនថា អតិថិជនមិនទាន់ឲ្យទៅវិញ។

គាត់ប្រាប់ទៀតថា លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោងប្រហែល១៩និង២០នាទី បែករឿងដឹងដល់ក្រុមហ៊ុនថា ជនសង្ស័យប្រើល្បិចកិបកេងយកលុយក្រុមហ៊ុនទៅស៊ីចាយសប្បាយហើយ ទើបនាយកក្រុមហ៊ុនក៍ចាប់ឃាត់ខ្លួនជនខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនទៅតុលាការពេលក្រោយ៕ តុង សីហា


ចែករំលែក៖