ខេត្តកំពង់ឆ្នាំង៖ រហូតមកដល់រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីម្នាក់ដែលត្រូវគេសម្លាប់ច្រកក្នុងការ៉ុងយកមកបោះចោលក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដែលមានប្តីជាមន្ត្រីនគរបាលម្នាក់នៅភ្នំពេញ និងបានលែងលះជាមួយនាង តែមិនទាន់ដាច់ស្រេច។
ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ប្តីរបស់នាង និងក្រុមគ្រួសារបានមកសម្គាល់សពដែលបញ្ចុះទុកក្នុងវត្តចាស់ក្បែរកន្លែងកើតហេតុ បូជាយកធាតុទៅធ្វើបុណ្យទានតាមប្រពៃណីនៅក្នុងលំនៅឋានក្នុងទីក្រុងភ្នំពេញវិញហើយ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះទិត លីនដា អាយុ៤២ឆ្នាំ មានកូន៣នាក់ កូនបងអាយុ១៧ឆ្នាំ កូនពៅអាយុ៧ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ប្តីរបស់នាងជាមន្ត្រីនគរបាលអង្គរក្សនៅក្នុងក្រុងភ្នំពេញ។
តែប្តីប្រពន្ធក្នុងគ្រួសារនេះ បានលែងលះគ្នាមិនទាន់ដាច់ស្រេច ហើយនាងបានចេញពីផ្ទះមកធ្វើជាកម្មការិនីនៅក្នុងរោងចក្រជាមួយក្មួយ និងជួលផ្ទះគេស្នាក់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាលហើយតាំងពីនាងបែកពីប្តីមក នាងមិនដែលទូរសព្ទ័ទៅប្តីឡើយ មានការអីទូរសព្ទ័ប្រាប់តែកូនប៉ុណ្ណោះ។
មុនថ្ងៃបាត់ខ្លួន គឺព្រឹកថ្ងៃទី២ ខែកញ្ញា ស្ត្រីរងគ្រោះបានខ្ចីម៉ូតូម៉ាកគុបរបស់ក្មួយមកជិះ និងខ្ចីប្រាក់អ្នកជិតខាង២ម៉ឺនរៀលថា មកទិញសាច់គោនៅស្រុកកំពង់ត្រឡាច ហើយក៏បានបាត់ខ្លួនរហូតមក។ ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ប្តីស្រ្តីរងគ្រោះ និងក្រុមគ្រួសារមានការសង្ស័យ ក៏បានកាន់រូបថតនាងមកបង្ហាញសមត្ថកិច្ច ពេលដឹងភិនភាគស្ត្រីរងគ្រោះច្បាស់ហើយ ក៏បានសុំគាស់យកសពដែលសមត្ថកិច្ចបានបញ្ចុះទុកនៅក្នុងវត្តចាស់ ជិតចំណុចកើតហេតុ ដើម្បីបូជាយកធាតុទៅធ្វើបុណ្យនៅក្នុងលំនៅឋានវិញ។
ករណីនេះ គេកំពុងដាក់ការសង្ស័យថា ជនរងគ្រោះអាចត្រូវគេសម្លាប់ប្លន់យកម៉ូតូគុប ដែលពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងសកម្មដើម្បីបំបែកសំណុំរឿងឃាតកម្មនេះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា មានប្រជាពលរដ្ឋប្រទះឃើញការ៉ុងច្រកសពស្តី្ររងគ្រោះ ត្រូវបានគេទុកចោលនៅមាត់ប្រឡាយទឹកមួយកន្លែង នៅក្នុងភូមិព្រៃពីស ដោយនឹកស្មានថា ជាការ៉ុងស្មៅទុកចោលមិនចាប់អារម្មណ៍នោះឡើយ។ រហូតដល់ម៉ោង៣និង៣០នាទីរសៀល ថ្ងៃ ខែ ឆ្នាំដដែល ពេលត្រឡប់មកវិញ លោកយាយម្នាក់បានយកកណ្តៀវកាត់កន្ទុយការ៉ុងបន្តិចមើល ក៏ប្រទះឃើញជើងមនុស្ស ទើបមានការភ្ញាក់ផ្អើលឡើងដឹងដល់សមត្ថកិច្ច ហើយបន្ទាប់ពីសមត្ថកិច្ចចាក់ការ៉ុងមើល ទើបដឹងថា ជាសពស្រ្តីរងគ្រោះដោយលើមុខ និងលើខ្លួនត្រូវគេកាប់ជាច្រើនកាំបិត៕ ចន្ថា