ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះគេឃើញកម្លាំងសមត្ថកិច្ចចំរុះខណ្ឌដូនពេញ បានចុះយុទ្ធធានាការបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែយកម៉ូតូរបស់ខ្លួនទៅកែច្នៃខុសពីទ្រង់ទ្រាយដើម ដូចជាកែបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសម្លេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ជាពិសេសគឺនាពេលយប់ដែលពួកគាត់កំពុងដេកលង់លក់ ។
ជាក់ស្តែងកាលពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអធិការនគរបាលខណ្ឌដូនពេញ បានឃាត់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសម្លេងឮខ្លាំងបង្កការរំខាននៅតាមដងផ្លូវ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ។
ក្នុងប្រតិបត្តិការនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្រុមក្មេងទំនើងដែលឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កឲ្យមានសម្លេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាពបែបនេះទៀត បន្ទាប់ពីក្រុមក្មេងទំនើងនេះបានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំងឲ្យមានសម្លេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។
គួរបញ្ជាក់ផងដែរថា នាយឩត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ បានបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ច គ្រប់បណ្តាលខណ្ឌក្នុងរាជធានីភ្នំពេញ បង្ក្រាប និងអប់រំ ម៉ូតូកែច្នៃ ខុសលក្ខណៈបច្ចេកទេស (បំពង់ស៊ីមាំងលឺ) បង្កសម្លេងរំខាន ប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ ។
ក្រោយពីធ្វើកិច្ចសន្យារួចមកសមត្ថកិច្ច បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះដោះដូរបំពង់ស៊ីម៉ាំងដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំងធម្មតាចូលវិញដោយខ្លួនឯង នៅនឹងកន្លែង រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថាមិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ៕ ស តារា