ខេត្តស្ទឹងត្រែង៖ លោកនាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ ចលនាឲ្យអតីតយុទ្ធជន និងគ្រួសារ ពិសេសអ្នកគ្រប់អាយុបោះឆ្នោត និងអ្នកដែលផ្លាស់ប្តូរទីលំនៅ និងអ្នកមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតកន្លងទៅ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកនាយឧត្តមសេនីយ៍ គន់ គីម ថ្លែងជំរុញបែបនេះ ក្នុងឱកាសបិទកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីត យុទ្ធជន នៅទីបញ្ជាការយោធភូមិភាគ១ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំឲ្យក្រុមការងាររបស់សមាគមនាំយកអំណោយចុះទៅសួរសុខទុក្ខអតីតយុទ្ធជន កំពុងមានជំងឺ ឬ សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជួយឧបត្ថម្ភអ្នកដែលលំបាកក្នុងជីវភាពតាមមូលដ្ឋាន។
តាមរបាយការណ៍របស់លេខាធិការដ្ឋានបានឲ្យដឹងថា ក្នុងយោធភូមិភាគ១ នេះ មានសមាជិកសមាគមអតីតយុទ្ធជនសរុបចំនួន ១, ៥០៦នាក់ ក្នុងនោះនៅខេត្តស្ទឹងត្រែង ៨២៣នាក់, ខេត្តរតនគិរី ៤៥៩នាក់ និងខេត្តមណ្ឌលគិរី ២២៤នាក់។
ការធ្វើបច្ចុប្បន្នភាពកន្លងមក សមាគម បានរកឃើញអតីតយុទ្ធជនទ័លលំបាកចំនួន ១១២គ្រួសារ អតីតយុទ្ធជនក្រីក្រ ១,១៣១ គ្រួសារ ក្នុងនោះអ្នកត្រូវការជម្រកស្នាក់នៅ ចំនួន ៩៨គ្រួសារ និងអ្នកដែលត្រូវការទាំងលំនៅដ្ឋាន និង ដីអាស្រ័យផលដោះស្រាយជីវភាព ចំនួន ១០៦គ្រួសារ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ ២០០៩ មក អតីតយុទ្ធជន ដែលបានស្នើសុំដីសម្បទានសង្គមកិច្ច ក្នុងយោធភូមិភាគ១នេះ មានចំនួន ៨៩៣ គ្រួសារ ក្នុងនោះអ្នកដែលសុំនៅទីតាំងខេត្តស្ទឹងត្រែង ៤៦០គ្រួសារ ខេត្តរតនគិរី ១៦៨គ្រួសារ និងខេត្តមណ្ឌលគិរី ២៦៥គ្រួសារ។
មន្ទីរជំនាញ និងសមាគមអតីតយុទ្ធជន តាមបណ្តាខេត្ត កំពុងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះឡើងវិញ ដើម្បីចាត់ចែងដោះស្រាយផ្តល់ជូន អតីតយុទ្ធជន ដែលលំបាក ខ្វះខាត ត្រូវការដីពិតប្រាកដ។
នាយឧត្តមសេនីយ គន់ គីម បានស្នើឲ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី យកចិត្តទុកដាក់ រួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីថែរក្សាការពារកំណត់ព្រំខ័ណ្ឌទីតាំងដីបម្រុងទុកសម្រាប់គោលដៅដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានក្នុងខេត្តទាំង ៣នេះឲ្យបានម៉ឺងម៉ាត់៕ ហេង សូរិយា