ភ្នំពេញ : ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសម្លេងលាន់លឺទ្រហឹង និងបំពាក់អំពូលភ្លើងឡាស័រខុសទម្រង់ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ទុកជាបណ្តោះអាសន្នដើម្បីអោយម្ចាស់យក ធ្វើការជួសជុលអោយដូចដើមវិញ ដោយឡែកម៉ូតូអត់ស្លាកលេខក៍ចាប់ទុកជាបណ្តោះអាសន្នផងដែរដើម្បីអោយម្ចាស់យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចទើបប្រគល់អោយវិញ ។
រយៈពេល៤៥ថ្ងៃកម្លាំងនគរបាលខណ្ឌច្បារអំពៅបានបើកប្រតិបត្តិការទាំងថ្ងៃ ទាំងយប់ចាប់ម៉ូតូអត់ស្លាកលេខនិងម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស បំពាក់អំពូលភ្លើងឡាហ្សែ បានចំនួនជិត១០០គ្រឿង ។
ថ្មីៗនេះកម្លាំងនគរបាលខណ្ឌបានបើកប្រតិបត្តិការចុះចាប់ម៉ូតូកែច្នៃខុសលក្ខៈណៈបច្ចេកទេសនិងម៉ូតូអត់ស្លាកលេខ រយះពេល២ថ្ងៃ ដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
លោកវរសេនីយ៍ទោ អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា ដោយអនុវត្តទៅតាមបញ្ជារយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តម្រូវអោយកម្លាំងនគរបាលទាំង១២ខណ្ឌ ធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកយកដាក់ខ្ពស់លើការងារគ្រប់គ្រងយានយន្តដែលកៃច្នៃ ខុសលក្ខណៈបច្ចេកទេស បង្កជាសម្លេងលាន់ឮសខ្លាំងៗ បំពាក់ភ្លើងឡាហ្សែ រំខានដល់ការធ្វើដំណើរតាមដងផ្លូវ ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់បានម៉ូតូកែច្នៃខុសទម្រង់ដើមចំនួន៥គ្រឿង និងម៉ូតូអត់ស្លាកលេខចំនួន៥គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដើម្បីអោយម្ចាស់យានយន្តកែច្នៃទាំងអស់ចូលខ្លួនមកទទួលកំហុសនិងដោះដូរដាក់គ្រឿងបន្លាស់អោយដូចលក្ខណៈដើមវិញចំពោះបំពង់ស៉ីមាំងកែច្នៃមិនប្រគល់អោយវិញទេគឺសមត្ថកិច្ចដកហូតទុកម្តុំ ដោយឡែកម៉ូតូអត់ស្លាកលេខត្រូវចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអោយម្ចាស់យកឯកសារពាក់ព័ន្ធទៅបង្ហាញសមត្ថកិច្ចនិងតម្រូវអោយធ្វើស្លាកលេខទើបប្រគល់អោយម្ចាស់វិញ ។
លោកអធិការបានបន្តថា រយៈពេល៤៥ថ្ងៃកម្លាំងនគរបាលខណ្ឌចាប់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន១៥គ្រឿង ចាប់ម៉ូតូអត់ស្លាកលេខចំនួន៥៥គ្រឿង អប់រំម្ចាស់ម៉ូតូទើបទិញមិនទាន់ធ្វើស្លាកលេខចំនួន៣០នាក់ដើម្បីអោយម្ចាស់ទៅធ្វើស្លាកលេខ ប្រតិបត្តិការនេះមិនបន្ធូរដៃឡើយធ្វើជាប្រចាំដើម្បីជំរុញអោយអ្នកប្រើប្រាស់យានយន្តទាំងអស់អនុវត្តតាមគោលការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ៕ សណ្តោស