ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីពន្ធដារខេត្តព្រៃវែងត្រូវគេចោទថាពុករលួយ

ចែករំលែក៖

តំណាងក្រុមហ៊ុនជាច្រើនក្នុងខេត្តព្រៃវែងបានទម្លាយបញ្ហាមន្ត្រីពន្ធដារខេត្តព្រៃវែងគាបជំរិតយកលុយពីពួកគាត់តាមរបៀបពុករលួយស្រេចតែអំពើចិត្ត ហើយពួក គាត់អំពាវនាវឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារពិនិត្យមើល បញ្ហានេះជាបន្ទាន់ផងដែរ។ តំណាងក្រុមហ៊ុនមួយចំនួនដែលជាក្រុមហ៊ុនដេញថ្លៃ គម្រោងជួសជុលនិងស្ថាបនាផ្លូវតាមឃុំ-សង្កាត់ក្នុងខេត្តព្រៃវែងបានលើកឡើងថា មាន មន្ត្រីពន្ធដារដើរជំរិតយកលុយពីពួកគាត់តាមរបៀបផាកពិន័យយ៉ាងគឃ្លើន។ ហេតុនេះហើយទើបតំណាងក្រុមហ៊ុនពី៤០ទៅ៥០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធំៗជិត១០ក្រុមហ៊ុនគ្រោងតវ៉ាក្នុងពេលឆាប់ៗខាងមុខនេះដើម្បីឲ្យលោក ហ៊ឹម ឡូញ ប្រធាន សាខាពន្ធដារខេត្តព្រៃវែងបកស្រាយឲ្យបានច្បាស់លាស់ ។

តំណាងក្រុមហ៊ុន១រូបដែលជាអ្នករកស៊ីដេញថ្លៃគម្រោងធ្វើផ្លូវតាមឃុំ-សង្កាត់មួយ ចំនួនក្នុងខេត្តព្រៃវែងបានឲ្យដឹងថា គាត់បានប្រកបមុខរបរបែបនេះតាំងពីឆ្នាំ២០១៣ ដោយដេញថ្លៃយកគម្រោងតាមឃុំនីមួយៗក្នុងការស្ថាបនា និងជួសជុលផ្លូវដោយ ដេញថ្លៃម្តងចំណាយយ៉ាងតិច៥៥លានរៀលរហូតដល់១១០លានរៀលក្នុង១ឆ្នាំ។ ប៉ុន្តែពេលក្រុមហ៊ុនគាត់កំពុងចាប់ផ្ដើមស្ថាបនាផ្លូវតាមគម្រោងស្រាប់តែមានមន្ត្រីសវនកម្មពន្ធដារខេត្តព្រៃវែង៤ទៅ៥នាក់ចុះមកពិន័យនិងលើកហេតុផលថាខុសនេះខុសនោះ។ នៅទីបំផុតក្រុមមន្ត្រីពន្ធដារ៤ទៅ៥នាក់នោះទាមទារផាកពិន័យជាង១០លានរៀល ហើយក្រោយពេលមានការចរចាស្វិតស្វាញទើបសម្របសម្រួលនៅសល់ត្រឹម៥ទៅ៦លានរៀលហើយជាលុយក្រៅប្រព័ន្ធ ។

ប្រភពពីតំណាងក្រុមហ៊ុនដែលដេញថ្លៃស្ថាបនាផ្លូវតាមឃុំ-សង្កាត់ក្នុងខេត្តព្រៃវែង បានឲ្យដឹងថា ការដេញថ្លៃធ្វើផ្លូវម្តងៗគឺត្រូវធានាឲ្យអាជ្ញាធររយៈពេល៦ខែប្រសិនបើផ្លូវនោះខូចខាតមុនការកំណត់គឺក្រុមហ៊ុនត្រូវធ្វើការស្ថាបនាជួសជុលសងវិញដោយ មិនគិតថ្លៃ។ បច្ចុប្បន្នមានក្រុមហ៊ុនម៉ៅការនិងដេញថ្លៃប្រមាណ១០ក្រុមហ៊ុនកំពុង ដំណើរការហើយរងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមសវនកម្មពន្ធដារមិនខុសគ្នា ឡើយ។ ទង្វើរបស់មន្ត្រីសវនកម្មពន្ធដារក្នុងការជំរិតយកលុយពីក្រុមហ៊ុនស្ថាបនាជួសជុលផ្លូវអាងមានការឃុបឃិតបើកដៃពីសំណាក់លោក ហ៊ឹម ឡូញ ដែលជាប្រធាន សាខាពន្ធដារខេត្តព្រៃវែងទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ៕

 


ចែករំលែក៖