ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកជាប់ជជែកលេងជាមួយអ្នកភូមិភ្លេចមើលកូនមិនដឹងកូនធ្លាក់លង់ទឹកស្ទឹងស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្ទឹងស្លាប់ខណៈដែលក្មេងប្រុសរងគ្រោះត្រូវបានឪពុកនាំទៅលេងទឹកស្ទឹងនៅចំណុចសំណង់ធារាស្រ្តស្ទាក់ទឹកមួយកន្លែងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។សពក្មេងរងគ្រោះត្រូវបានប្រជាពលរដ្ឋចំណាយពេលជាង១ម៉ោងថ្ងៃដដែលរាវរកប្រទះឃើញស្លាប់ក្នុងទឹកជម្រៅជាងមួយម៉ែត្រ។ការស្លាប់ដោយលង់ទឹកក្មេងប្រុសរងគ្រោះម្នាក់ចុងក្រោយនេះនៅស្រុកមង្គលបុរីគឺគេមើលឃើញនៅខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែចុងក្រោយនេះក្មេងប្រុសស្លាប់ដោយលង់ទឹក៤នាក់នោះមកហើយ បន្ទាប់ពីក្មេងប្រុស៣នាក់ជាបងប្អូននិងគ្នាបានលង់ទឹកត្រពាំងស្លាប់ខណៈក្មេងរងគ្រោះរត់ទៅតាមជីតាដាក់មងនៅចំណុចទឹកត្រពាំងភាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ។

លោក សាន ប៊ុនថន នាយប៉ុស្ថិ៍នគរបាលឃុំសំបួរប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះឈ្មោះ ឃួន បញ្ញា អាយុ៦ឆ្នាំ ត្រូវបានឪពុកឈ្មោះ ហោ សំបុណ្យ អាយុ៣០ឆ្នាំ រស់នៅភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបុរី នាំទៅលេងទឹកស្ទឹងនៅចំណុចខាងលើដែលមានមនុស្សចាស់កូនក្មេងជាច្រើនទៀតនាំគ្នាលេងទឹកស្ទឹកនោះផងដែរ។ខណៈដែលឪពុកចុះលេងទឹកនិងជែកជាមួយអ្នកភូមិ មិនបានចាប់អារម្មណ៍មើលកូន មិនដឹងកូនធ្លាក់ចូលទឹកស្ទឹង លង់ស្លាប់ពីពេលណានោះទេ។ក្រោយមកឪពុកបានក្រឡេកមើលកូនស្រាប់តែបាត់កូនមិនដឹងទៅណា នៅពេលនោះហើយទើបមានការភ្ញាក់ផ្អើលឆោឡោក៏នាំគ្នាចុះរាវរកក្មេងរងគ្រោះក្នុងទឹកស្ទឹងនោះ។ការស្វែងរកចំណាយពេលជាង១ម៉ោងទើបប្រទះឃើញសពកុមារងគ្រោះលិចក្នុងទឹកស្ទឹងនៅចំណុចចាក់សាបសំណង់ធារាស្រ្តក្បែរឪពុកជួបជជែកជាមួយអ្នកភូមិ។

លោកនាយប៉ុស្ថិ៍បានបញ្ជាក់ឲ្យដឹងទៀតថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចកុមារនោះទំនងជារអិលជើងធ្លាក់ចូលក្នុងទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់តែម្តង ខណៈដែលឪពុកក្មេងរងគ្រោះមានការធ្វេសប្រហែសបណ្តែតបណ្តាយមិនបានមើលកូនឲ្យបានដិតដល់។សពកុមាររងគ្រោះ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័្ចយពិតជាលង់ទឹកពិតប្រាកដ។កុមាររងគ្រោះមានបងប្អូន២នាក់ក្មេងរងគ្រោះជាកូនច្បងម្តាយស្លាប់ចោល បច្ចុប្បន្នរស់នៅជាមួយឪពុកនិងម្តាយក្រោយ៕ សំ វិច្ឆិកា


ចែករំលែក៖