ខេត្តសៀមរាប៖ ខេត្តសៀមរាប មានឧស្សាហកម្មទេសចរណ៍ដែលលូតលាស់ និងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ហើយខេត្តនេះបានមើលឃើញនូវកំណើនយ៉ាងលឿន នៃតម្រូវការចង់បានផលិតផលធ្វើផែនការហិរញ្ញវត្ថុ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ថ្មីៗនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីផ្ដល់ផលិតផល និងសេវាការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ។
លោក David Nutman បានពន្យល់ថា ខេត្តសៀមរាប គឺជាជម្រើសគោលដៅសំខាន់សម្រាប់ការ ពង្រីកបន្តទៀតនូវវត្តមានរបស់ក្រុមហ៊ុន បន្ទាប់ពីការបើកការិយាល័យនៅខេត្តបាត់ដំបងកាលពីខែឧសភាកន្លងមក ។ លោកបានថ្លែងថាក្រុមនឹងខិតខំពង្រឹងការផ្ដល់សេវានិងផលិតផលដែលល្អប្រសើរនៅក្នុងខេត្តសៀមរាបរបស់យើងដែលជាខេត្តមានសារសំខាន់ក្នុងប្រវត្តិសាស្ត្រនិងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។ លោក បានបន្ថែមទៀតថា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបន្តធ្វើការងារជាមួយសហគមន៍ ដោយផ្ដល់ការគាំទ្រកាន់តែទូលំទូលាយជាងមុន ទាក់ទិននឹងវិស័យអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាទូទៅ ក៏ដូចជាយុទ្ធនាការ ដើម្បីសង្គមមានសុវត្ថិភាពជាងមុន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុននឹងរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋនៅក្នុងខេត្តសៀមរាប ដើម្បីបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃការកសាងផែនការហិរញ្ញវត្ថុឱ្យបានល្អប្រសើរ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសេវាធានារ៉ាប់រងអាយុជីវិត ដែលជាវិធីសាស្រ្តក្នុងការការពារអ្នកជាទីស្រលាញ់ ក្នុងករណីមានគ្រោះអកុសលកើតឡើងលើបុគ្គលដែលជាកម្មវត្ថុនៃការធានា ដូចជាក្នុង ករណីមរណភាព ឬពិការភាពទាំងស្រុង ជាដើម។
លោកអ៊ិនមាត្រា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានមតិស្រដៀងគ្នានោះដែរ ហើយលោកបានមានប្រសាសន៍ថា៖“ការពង្រីកសាខាថ្មីបន្ថែមតាមបណ្តាខេត្តគឺជាភស្តុតាងមួយដែលបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននិងកិច្ចសហប្រតិបត្តិការជាមួយនឹងបញ្ញត្តិករធានារ៉ាប់រងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីផ្ដល់សេវាកម្មធានារ៉ាប់រងឆ្ពោះទៅការសម្រេចនិងការដោះស្រាយសំណងឱ្យទាន់ពេលវេលាជូនអតិថិជននិងក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា”។
ការពង្រីកការិយាល័យសាខារបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងជួយពង្រឹងភាពជាដៃគូជាមួយនឹងដៃគូយុទ្ធសាស្ត្ររបស់ខ្លួន គឺធនាគារអេស៊ីលីដា ដែលក្នុងនោះ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កំពុងតែមានផ្ដល់ជូននៅតាមសាខាធនាគារអេស៊ីលីដាចំនួនជាង ១០០ កន្លែងទូទាំងប្រទេស តាមរយៈទីប្រឹក្សាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ក៏ដូចជា ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតជាច្រើនរូប ។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចំពោះការអប់រំផ្នែកហិរញ្ញវត្ថុ និងការផ្ដល់នូវដំណោះស្រាយល្អបំផុតលើការកសាងផែនការហិរញ្ញវត្ថុ បានធ្វើឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលត្រចះត្រចង់កាលពីខែមិថុនា ឆ្នាំ ២០១៧ ដោយបានចេញលក់ប័ណ្ណសន្យារ៉ាប់រងបានរហូតដល់ទៅ ១០ ម៉ឺនប័ណ្ណសន្យា នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការនាឆ្នាំ ២០១៣ មក។
ទន្ទឹមនឹងនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏តែងបានតបស្នងត្រលប់ទៅឱ្យសហគមន៍របស់ខ្លួនវិញផងដែរ ។ ក្រុមហ៊ុនបានដាក់ចេញនូវកម្មវិធីសហគមន៍ជាច្រើន ដូចជា កម្មវិធី វិធានការសុវត្ថិភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់ពលរដ្ឋកម្ពុជា កម្មវិធីអំណានដំបូង ដើម្បីបំផុសការយល់ដឹងអំពីអត្ថប្រយោជន៍នៃការអាន និងកម្មវិធី ឆា-ឈីង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលគំនិតងាយៗក្នុងការគ្រប់គ្រងលុយកាក់ ។ ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗ បុគ្គលិកក្រុមហ៊ុនក៏បានធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារផងដែរ៕ វឌ្ឍនា