ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ តុលាការកំពូល នឹងប្រកាសសាលដីការឿងក្ដីលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ។
តាមកាលវិភាគ តុលាការកំពូល គ្រោងបើកសវនាការរឿងក្ដីលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ចំនួនពីរសំណុំរឿង តែសវនាការធ្វើបានតែមួយសំណុំរឿងប៉ុណ្ណោះ ។
មន្ត្រីតុលាការកំពូល ថ្លែងថា សំណុំរឿងទីមួយគឺ បទល្មើស «រក្សាទុកប្រាក់ក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និង សំណុំរឿងទីពីរគឺបទល្មើស «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣។
សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ។
អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត ថ្លែង ថា តុលាការកំពូល បានដំណើរការក្តីតែករណី”រក្សាទុកប្រាក់ក្លែងក្លាយ”ប៉ុណ្ណោះ ។ រីឯសំណុំរឿង”បង្ខាំងមនុស្សខុសច្បាប់” គឺ ពុំបានបើកសវនាការទេ ។ លោកអះអាងថា “ក្រោយបញ្ចប់សវនាការ តុលាការកំពូល បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះវិញ “ ។
បច្ចុប្បន្នលោក ហេង ពៅ មានទោសជិត ១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំៗ ជាពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍៕ ចេស្តា