ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រីសែរ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងជំរុញដល់មេបញ្ជាការរងក៏ដូចជាលោកប្រធានមន្ទីរអនុប្រធានមន្ទីរការិយាល័យជំនាញមន្ត្រីកងរាជអាវុធហត្ថត្រូវចេះស្រឡាញ់សហការគ្នាសាមគ្គីភាពផ្ទៃក្នុងទើបការងារបានទៅដោយរលូន និងទទួលបានជោគជ័យក្នុងអង្គភាពរបស់ខ្លួន។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា
ឆ្នាំ២០១៧ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថខេត្ត ខែកញ្ញា
លើកទិសដៅខែតុលា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកប្រធានមន្ទីរការិយាល័យជំនាញនីមួយៗរបស់ខ្លួនយ៉ាងច្រើនកុះករផងដែរ។
លោកឧត្តមសេនីយ៍ត្រីសែរ វុទ្ធី ក៏បានកោតសរសើរដល់អស់លោកកងរាជអាវុធហត្ថទាំងអស់ក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងល្អជូនជាតិមាតុភូមិ ពិសេសធានាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត បានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ក៏បាន សំណូមពរ ដល់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តត្រូវចេះមានក្រមសីលធម៌ល្អ គោរពច្បាប់ គោរពតាមឋានានុក្រម មានទំនាក់ទំនងល្អក្នុងមូលដ្ឋាន ត្រូវមានទំនួលខុសត្រូវក្នុងការដឹកនាំ និងត្រូវយកចិត្តទុកដាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវបន្តខិតខំពង្រឹងសមត្ថភាពការងារឲ្យមានកាន់តែមានប្រសិទ្ធភាព ពិសេសត្រូវ ពង្រឹងការការពារសន្តិសុខជូនដល់ប្រជាពលរដ្ឋក្នុងពីធីបុណ្យភ្ជុំបិណ្យប្រពៃណីជាតិផងដែរ៕ យឹមសុថាន