ភ្នំពេញ៖ ជោគវាសនាឧកញ៉ាជួប ច័ន្ទ នៅស្រពិចស្រពិល ករណីចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារអាមេរិក ខណៈនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីនៃការសាកសួរ និង ឈានដល់ការសម្រេចចុងក្រោយ ។
ឧកញ៉ា ជួប ច័ន្ទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១២ ខែកញ្ញា ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារ តាមការឯកភាពឱ្យឃាត់ខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីតុលាការ ថ្លែងថា សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនឧកញ៉ា ជួប ច័ន្ទ មកតុលាការដើម្បីចាត់ការតាមច្បាប់ ខណៈប្រភពព័ត៌មានអះអាងថា ភាគីដើមបណ្ដឹង និង ឧកញ៉ា ជួប ច័ន្ទ កំពុងសម្របសម្រួលគ្នា ។
ប្រភពព័ត៌មាន បញ្ជាក់ថា លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ បានដាក់ពាក្យប្តឹងឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួនជាងមួយលានដុល្លារអាមេរិក ។
ប្រភពបន្តថា ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយបានកំណត់ ឱ្យទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។
ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ចបានអញ្ជើញ ឧកញ៉ា ជួប ច័ន្ទ ឱ្យចូលបំភ្លឺលើពាក្យបណ្តឹងនេះ ។ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តងដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕ចេស្តា