ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តឡិចស៊ីសបុកបារ៉ាស់សមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹងនៅផ្លូវ២៧១

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងខ្លាំងបើករថយន្តឡិចស៊ីស ធ្វើដំណើរពីលិចទៅកើតតាមផ្លូវលេខ២៧១ លុះដល់ចំណុចគោលដៅកម្លាំងនគរបាលនាយកដ្ឋានសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិត្រួតពិនិត្យ គ្រឿងស្រវឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកស្រាប់បើកបុកបារ៉ាស់ទាំងកំរ៉ោលតែម្តង ហើយព្យាយាមបើករថយន្តគេចតែរត់មិនរួច។

សមត្ថកិច្ចបាននិយាយថា មុនពេលកើតហេតុកម្លាំងគោលដៅបាន បញ្ជាឲ្យរថយន្តឡិចស៊ីសបង្កហេតុឲ្យឈប់ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង នៅ ពេលដែលបុរសនោះឈប់រថយន្ត ហើយប្រពន្ធទៅអង្គុយម្ខាងហើយបុរសរូបនេះឡើងបើករថយន្តវិញម្តង។ នៅពេលបុរសរូបនេះឡើងបើករថយន្តស្រាប់ តែគាត់បើកបុកបារ៉ាស់តែម្តង ហើយព្យាយាមរត់ តែរត់មិនរួចដោយកម្លាំងច្រើន។

សមត្ថកិច្ចថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើកំណាត់ផ្លូវ២៧១ ភ្លើងស្តុបកែងផ្លូវ៣៧១ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ រថយន្តបង្ក ហេតុម៉ាកឡិចស៊ីសRX300ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-9857។

ក្រោយកើតហេតុបុរសរូបនេះ និងស្ត្រីជាប្រពន្ធត្រូវកម្លាំងនាំទៅដោះស្រាយតាមច្បាប់នៅទីបញ្ជាការព្រែកឯង ខណ្ឌច្បារអំពៅ។

គួរបញ្ជាក់ឲ្យដឹងថា ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង និងត្រួតពិនិត្យទៅលើរថយន្តគ្មានស្លាកលេខ ដោយកងកម្លាំងរបស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រុន រ័ត្ឋវាសនា ប្រធាននាយកដ្ឋានត្រូវបានចុះគោលដៅរៀងរាល់យប់។

ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងស្រវឹងគឺសំដៅលើកកម្ពស់ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាព និងក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះអនុវត្តន៍មិនមែនធ្វើតែចំពោះលើរថយន្តស៊ីវិលនោះទេ រថយន្តរាជការ រថយន្តពាក់ស្លាកលេខនគរបាល រថយន្តខេមរភូមិន្ទ រដ្ឋសភា ព្រឹទ្ធសភា ត្រូវតែគោរពច្បាប់ទាំងអស់គ្នា។ ចំពោះរថយន្តមិនពាក់ស្លាកលេខត្រូវបង់ផាកពិន័យទៅតាមច្បាប់ផងដែរ៕ តាឡឹម


ចែករំលែក៖