ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម៦នាក់ ធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសម្នាក់មិនសម្រេចតែត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសម្នាក់មិនបានសម្រេច ចំណែកបក្ខពួក៤នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអិនធូកោះពេជ្រ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សៀង មង្គលមិរី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់គោរកា ខណ្ឌព្រែកព្នៅ និងឈ្មោះ វណ្ណ ចាន់សុវត្តិ ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅសង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាc125 ពណ៌ទឹកមាស ពាក់ស្លាកលេខ1GO.4340 និងបក្ខពួក៤នាក់ទៀតជិះម៉ូតូមួយគ្រឿងជិះមានគ្នា២នាក់ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់តែមិនសម្រេចភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាតក៏បានឃើញនាំគ្នាដេញតាមពីក្រោយរហូតទើបចាប់ជនសង្ស័យ២នាក់ខាងលើ ចំណែកបក្ខពួក៤នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖