ភ្នំពេញ៖ យុវជនម្នាក់បើករថយន្ដកាមរីបាឡែនមួយគ្រឿង ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតមួយកង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងមុខស្ថានទូតឡាវ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-9027បើកបរដោយយុវជនម្នាក់។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្កបង្កធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ទិសដៅពីលិចទៅកើតពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតចំនួនមួយកង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
ក្រោយពីកើតហេតុម្ចាស់រថយន្ដបានព្យាយាមប្ដូរកង់រថយន្ដបំណងចង់បន្តដំណើរទៅមុខទៀត តែត្រូវសមត្ថកិច្ចឃាត់ដែលនៅយាមស្ថានទូតឃាត់។
ក្រោយមក ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះវាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ