ភ្នំពេញ៖ រហូតមកទល់ពេលនេះ ទាំងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និង សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅពុំទាន់សម្រេចដោះលែងនិងលើកលែងការចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទបទ”ក្បត់ជាតិ” តាមការស្នើសុំរបស់ក្រុមមេធាវីនោះទេ ។
មេធាវីមួយរូប គឺ លោក សំ សុគង់ ថ្លែងថា រហូតមកទល់ពេលនេះ ទាំងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់សម្រេចបែបណានៅឡើយទេ ហើយខាងសភាស៊ើបសួរសាលាឧទ្ធរណ៍ ក៏ពុំទាន់កំណត់ថ្ងៃសវនាការរឿងមុនអង្គសេចក្តីនេះដែរ ។ លោកមេធាវីថា”ក្រុមមេធាវីមិនមានជំនឿទេ តែមេធាវីធ្វើតាមនីតិវិធីច្បាប់”។
គួរបញ្ជាក់ថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស”ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ”សន្ទិដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។
កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពីឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តិក្បត់ជាតិ។
រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពីនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
វិដេអូក្លីបនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ននេះឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។
រាជរដ្ឋាភិបាល សូមអំពាវនាវឲ្យរក្សាស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះមានអង្គរក្សរបស់លោក កឹម សុខា ប្រមាណ៨នាក់ផងដែរ។
ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕ ចេស្តា