ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរណ៍អាចប្រើប្រាសប័ណ្ណវីសាដើម្បីទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល បានប្រកាសអំពីការទទួលយកការទូទាត់តាមប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរពេញនិយមបំផុតរបស់ពិភពលោក ដើម្បីរួមចំណែកជម្រុញវិស័យទេសចរណ៍ និងបង្កើនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជាការទូទាត់តាមបែបអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។

យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនា ធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 2លាននាក់ ។លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវរបស់ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “យើងរីករាយក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសានៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការទូទាត់កាន់តែរហ័សជាងមុន”។”ប្រាសាទអង្គរវត្តពិតជាស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ហើយក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសកម្ពុជា។យើងខ្ញុំរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង គ្រឹះស្ថានអង្គរ ដើម្បីជម្រុញឲ្យទទួលបានកំណើន ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍវិធីទូទាត់ប្រាក់សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ”។

លោក ឈន សុភាព អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ បានមានប្រសាសន៍ថា “ព្រឹតិ្តការណ៍នៅថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងទេសចរ ក្នុងការដាក់បញ្ចូលអោយមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធលក់សំបុត្រសម្រាប់ចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអោយមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើងសម្រាប់វិស័យទេសចរណ៍។ ស្របជាមួយនឹងគោលការណ៍នៃទំនើបនីយកម្មមួយនេះ យើងរីករាយក្នុងសហការជាមួយ ដៃគូររបស់យើងទាំងអស់ ជាពិសេស Visa ដើម្បីផ្តល់ជូនភ្ញៀវទេសចរទៅកាន់ប្រាសាទអង្គរវត្ត អោយមានជម្រើសក្នុងការទូទាត់តាមអេឡិចត្រូនិកនៅក្នុងស្តង់លក់សំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ។ យើងសង្ឃឹមថាការសហការមួយនេះនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការលក់សំបុត្រដែលថ្មី ដោយបង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំ សម្រាប់ភ្ញៀវទេសចររាប់លានអ្នក ដែលនឹងមកទស្សនានៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំ”។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន3ភាគរយលើសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា រហូតដល់ចុង ខែវិច្ឆិការ ឆ្នាំ2017។ លោក Preston បានបន្ថែមទៀតថា៖ “ជាផ្នែកមួយនៃគោលបំណងរបស់ Visaគឺយើងខ្ញុំចង់អោយអតិថិជនរបស់យើងអាចប្រើប្រាស់ប័ណ្ណវីសានៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ជាមួយនឹងការប្រកាសនៅថ្ងៃនេះ យើងកំពុងតែខិតជិតមួយជំហ៊ានដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ សម្រាប់ជួយដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា”។សព្វថ្ងៃនេះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាអាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេនៅទីតាំងអាជីវកម្មជិត7,000 កន្លែង និង1,000 ម៉ាស៊ីន ATM នៅទូទាំងប្រទេស៕ វឌ្ឍនា


ចែករំលែក៖