ព័ត៌មានទាន់ហេតុការណ៍៖

ពរពោះ៥ខែត្រូវប្តីរត់ចោល ខំប្រឹងធ្វើការរហូតឈឺពោះឆ្លងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ពរពោះចំនួន៥ខែត្រូវប្តីហេងស៊យរត់ចោលធ្វើឲ្យនាងរស់នៅគ្នានទីពឹង រស់នៅដោយលំបាកវេទនាជាមួយនឹងការងារ លើកលីសែងគ្រប់រសជាតិរហូតដល់ថ្ងៃគ្រប់ខែឈឺពោះ បែកទឹកភ្លោះ ឆ្លងទន្លេដោយគ្មានប្រាក់កាស ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយហៅសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង១០នាទីព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

ស្រ្តីរូបនេះ ឈ្មោះ មុិញ សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរកម្នករលើក លី សែង អង្ករឲ្យគេ គ្រាន់ដូរបាយដើម្បីរស់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមការរៀបរាប់ ស្រ្តីខាងលើ បានឲ្យដឹងថា ខ្លួនជាកូនកំព្រារ ឪពុកម្តាយស្លាប់ចោលអស់គ្មានសាច់ញាតិ ចាកចេញពីស្រុកកំណើត មករកការងារធ្វើ នៅទីក្រុងភ្នំពេញតាំងពីខ្លួននៅតូចមកម្ល៉េះ រស់នៅ ជាមួយរបរ ដើរសុីឈ្នួលគេ លើក លីសែងដាក់ ឥវ៉ាន់ ឲ្យគេ ជួនដើរបេះបន្លែ លក់ គ្រាន់បានកម្រៃ ដូរបាយហូប រស់នៅទាំងត្រដរ ។

ក្រោយមកក៏មានបុរសម្នាក់សុំស្នេហ៍ សុំស្រឡាញ់ ស្ម័គ្រស្មោះទទួលនាងធ្វើជាភរិយា តែមិនបានរៀបការឬសែន ព្រេននោះឡើយដោយបុរសនោះប្រកបរបរជាកម្មករសំណង់ អះអាងថា ខ្លួនពោះម៉ាយ ទើបធ្វើឲ្យនាង ជឿ និងទុកចិត្ត ត្បិតកាលបើ សន្យាស្ម័គ្រស្មោះ យកគ្នាធ្វើជាប្តីប្រពន្ធទៅហើយ សុខចិត្តប្រគល់ខ្លួនប្រាណ ទោះជាការងារ រែកពុនធ្ងន់ ប្រើដោយកម្លាំងយ៉ាងណាក៏ដោយ ច្បាស់ជាជីវភាពធូរស្រាលមួយផ្នែក ដោយសារការងារមានធ្វើទាំង២នាក់ ។

ស្រ្តីខាងលើបន្តទៀតថា ការរស់នៅជាមួយគ្នា អស់រយៈពេល៥ខែ អ្វីៗ ត្រូវបានបែកធ្លាយ ដោយបុរសរូបនោះ មិនមែនជាពោះម៉ាយទេ គឺជាប្តីរបស់គេនៅឡើយ អ្វីៗ ត្រូវបានលាតត្រដាង ដឹងការពិត ឃើញសភាពមិនស្រួល ប្តីហេងស៊យរូបនោះ គេចចោលបាត់ ទៅរស់នៅជាមួយប្រពន្ធដើមគេវិញ ទុកឲ្យនាងរស់នៅតែលតោល ស្របពេលដែលនាងមានកូនក្នុងផ្ទៃចំនួន៥ខែ ខ្សែជីវិតវិលទៅរកភាពដើម តស៊ូ ការងារដ៏សែនលំបាក ក្នុងដំណើរនៃជីវិត រែកពុន ដោយកម្លាំងបាយ រហូតដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលខ្លួនពោះធំគ្រប់ខែទៅហើយ កំពុងធ្វើការងារ គ្រាន់ដូរបាយ ស្រាប់តែកើតមានអាការចុកសៀត ក្នុងពោះ បែកទឹកភ្លោះ ឈឺពោះសម្រាលកូន ទាំងគ្មានប្រាក់មួយរៀលបម្រុងទុក ត្រូវបានអ្នកជិតខាង ក៏នាំគ្នាជួយជាថវិកាបន្តិចបន្តួច និងជួយហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅ សម្រាលនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។

ដោយជីវិតធ្លាក់មកដល់កម្រឹតក្រខ្សត់ ស្រ្តីខាងលើសុខចិត្តលើកដៃ សូមអំពាវនាវដល់សម្បុរសជន មេត្តាជួយដល់រូបនាងផង ពីព្រោះសព្វថ្ងៃនាងគ្មានអ្វីជាទីពឹងនោះឡើយ៕ សុខសែនជ័យ


ចែករំលែក៖