ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៧នាក់ស្លាប់ដោយទទួលទានសាច់សត្វព្រៃមិនឆ្អិននិងផឹកស្រាស

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅស្រុក សណ្តាន់៧នាក់បានស្លាប់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញាមក។ ករណី នេះកើតឡើងដោយសារពួកគាត់ទទួល ទានសាច់សត្វព្រៃដែលចម្អិនមិនឆ្អិនល្អនិង ទទួលទានស្រាសដែលខ្លាំងជ្រុលផង។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា បានចាត់បញ្ជូនមន្រ្ដីជំនាញចុះត្រួតពិនិត្យនិងតាមដានករណីពុលសាច់សត្វព្រៃនៅខេត្ដកំពង់ធំបន្ទាប់ពីសង្ស័យថា មានករណីពុលដោយបរិភោគសាច់ព្រៃដែលចម្អិនមិនបានឆ្អិនល្អនិងផឹកស្រាសដែលពុំមានប្រភពច្បាស់លាស់ពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ឲ្យដឹងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ថា នាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះអង្កេតស្រាវជ្រាវនៅមូលដ្ឋាន និងរកឃើញថា មាន ប្រជាពលរដ្ឋបានបរិភោគសាច់ព្រៃមិនបានចម្អិនឲ្យឆ្អិនល្អ និងប៉ះពាល់អាយុជីវិតកន្លងមកផងដែរ។ លោកថា មន្ត្រីជំនាញកំពុង បន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ដើម្បី បង្ការទប់ស្កាត់នឹងជំងឺនេះ ។

លោក លី សុវណ្ណ បានបន្តថា ក្រសួង សុខាភិបាលបានបញ្ជូនមន្រ្តីជំនាញថ្នាក់ជាតិបន្ថែមទៀតដើម្បីចុះអប់រំផ្ទាល់នៅទី កន្លែង ព្រមទាំងចែកឱសថព្យាបាលនិង ការពារជំងឺព្រូន Trichenolla Spiralis ដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីឲ្យប្រាកដថា ពុំមានប្រជាពលរដ្ឋរងគ្រោះឡើយ។ លោកបានអំពាវនាវដល់ប្រជាជនដែល រស់នៅក្បែរព្រៃទាំងអស់សូមបរិភោគសាច់ ចម្អិនឲ្យឆ្អិនល្អ និងកុំបរិភោគសាច់ព្រៃឆៅ ឲ្យសោះ ព្រោះអាចរងគ្រោះដូចកើតមាន កន្លងមកនេះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧ នាក់ក្នុងនោះម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ដែលមាន៣នាក់រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានឫទ្ធិ ក្នុងស្រុក សណ្ដាន់ ខេត្តកំពង់ធំ បានស្លាប់ជាបន្ដ បន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះដោយ សារតែហូបស្រាច្រើននិងសាច់សត្វឆៅនៅក្នុងព្រៃ ។

លោក ឡង គីសឹង អភិបាលស្រុក សណ្ដាន់បានប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា ក្រោយពីមានហេតុ ការណ៍នៅថ្ងៃដំបូង ពោលគឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលមន្ត្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ម្នាក់បានឈឺធ្ងន់ ហើយត្រូវ បានលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួង បរិស្ថានបញ្ជូនទៅសង្គ្រោះ ប៉ុន្ដែបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

លោកអភិបាលស្រុកបានបន្ដថា ក្រោយ មកអាជ្ញាធរក៏ចុះទៅស្រាវជ្រាវបានរកឃើញ ថា ការស្លាប់នេះបណ្ដាលមកពីគាត់បរិភោគ សាច់ឆៅដែលមានជាតិប៉ារ៉ាស៊ីត។ ដោយ ឡែកពលរដ្ឋ៣នាក់ផ្សេងទៀតនៅឃុំ សណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំពួកគាត់បានទៅដើរព្រៃហើយហូបស្រាច្រើន ដោយស្រានោះជាស្រាប្រភេទខ្លាំងទើប បណ្ដាលឲ្យស្លាប់ ហើយពលរដ្ឋ៣នាក់នៅឃុំមានឫទ្ធនិោះមានជំងឺឈឺថ្កាត់ក៏បណ្ដាលឲ្យស្លាប់ដូចគ្នាផងដែរ។ ប៉ុន្តែនៅពេលនេះខាងក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីស្លាប់មនុស្ស៧នាក់ជាបន្ដបន្ទាប់នៅខេត្តកំពង់ធំដោយសារបរិភោគសាច់ព្រៃ ចម្អិនមិនល្អ និងផឹកស្រាសពុំមានប្រភព ច្បាស់លាស់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖