ភ្នំពេញ៖ នៅក្នុងឱកាសចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ លោក លីវ យុនសាន (Liu Yunshan) សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិន នៅតែគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល កម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បី បន្តការអភិវឌ្ឍជាតិនិងជំរុញជីវភាពរបស់ ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងការធ្វើទស្សនកិច្ចលើកទី៣ របស់លោកនៅក្នុងប្រទេសកម្ពុជាពេលនេះ គឺជាការឆ្លុះបញ្ចាំងដល់មជ្ឈដ្ឋានអន្តរជាតិ ឃើញថា ប្រទេសកម្ពុជាជាមិត្តល្អ និងជា សមាជិកមហាគ្រួសាររបស់ប្រទេសចិន។
លោក លីវ យុនសាន បានជម្រាបថា បើទោះបីជាស្ថិតក្នុងភាពមមាញឹក ដោយ សារប្រទេសចិននឹងរៀបចំមហាសន្និបាត លើកទី១៩ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះយ៉ាងណាក៏គណៈ ប្រតិភូចិននៅតែឆ្លៀតពេលមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រោះដំណើរ ទស្សនកិច្ចពេលនេះនឹងជួយជំរុញការ អនុវត្តការងារនានា ដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានឯកភាពគ្នានាពេល កន្លងមក ក្នុងនោះមានដូចជា ការនាំចេញ អង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនឆ្នាំ ២០១៨ ការកសាងផ្លូវល្បឿនលឿនពីរាជ ធានីភ្នំពេញទៅក្រុងព្រះសីហនុ និងគម្រោង កសាងអាកាសយានដ្ឋានក្នុងខេត្តសៀមរាប តែម្តង។
នៅក្នុងជំនួបនេះដែរ សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់មិត្តចិនដែល បន្តគាំទ្រដល់កម្ពុជា និងបន្តផ្តល់ជំនួយ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ជាការ ឆ្លើយតបចំពោះការអញ្ជើញរបស់រដ្ឋាភិបាល ចិន សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននា ពេលខាងមុខនេះ ដើម្បីចូលរួមក្នុងវេទិកា កិច្ចសន្ទនាបណ្តាគណបក្សនយោបាយ នៅប្រទេសចិនផងដែរ៕ ហេង សូរិយា