ភ្នំពេញ៖ ក្មេងប្រុស៤នាក់បាននាំគ្នា យកចម្ពាមកៅស៊ូបាញ់គ្រាប់ផាវដាក់គ្នា ទៅវិញទៅមកបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងស្រាល២នាក់ កាលពី វេលាម៉ោង៣និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុឲ្យ ដឹងថា មុនពេលកើតហេតុ គេបានឮសំឡេង ផាវផ្ទុះលាន់រំពងពេញភូមិ ដោយអ្នកភូមិ គិតថា ប្រហែលជាគេនាំគ្នាដុតផាវបណ្តេញ ប្រេតត្រឡប់ទៅវិញ តាមទំនៀមទម្លាប់ ប្រពៃណីចាស់បុរាណ ដែលតែងតែនិយាយ តៗគ្នាថា នៅពេលបុណ្យឆ្លងភ្ជុំបិណ្ឌរួច គឺកូនចៅនាំគ្នាជូនដំណើរប្រេតទៅវិញ រួមមានព្រះសង្ឃសូត្រធម៌ផង មានក្មេង ចាស់ហែហមផង ហើយនៅក្នុងដៃគេ ម្នាក់ៗមានដុតទៀន រីឯក្មេងៗលេងដុត ផាវ។
អ្នកភូមិដដែលបន្តថា ប្រហែលមួយ សន្ទុះក្រោយមកគេឮសំឡេងផាវ១គ្រាប់ ផ្ទុះឡើងយ៉ាងខ្លាំងដូចគ្រាប់បែក ដែលអ្នក ភូមិសង្ស័យថា ប្រហែលមានផ្ទុះគ្រាប់អី ហើយ មិនមែនដុតផាវនោះទេ។ ក្រោយ មកក៏មានការភ្ញាក់ផ្អើលឆោឡោឡើងថា មានក្មេងៗស្លាប់ និងរបួស ពេលនោះក៏ មានកម្លាំងនគរបាលចុះមកដល់កើតហេតុ តែម្តង។
មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលស្នោបាន ប្រាប់ថា ក្មេងប្រុសម្នាក់បានស្លាប់នៅ កន្លែងកើតហេតុ មានឈ្មោះ វិត សុផល ហៅ អាផោម អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកម្តាយក្មេងរងគ្រោះកំពុងមានជំងឺ ធ្ងន់ធ្ងរផងដែរ មានឈ្មោះ ជីន អុក អាយុ ជាង៤០ឆ្នាំ សម្រាកនៅផ្ទះ។ រីឯក្មេងប្រុស៣នាក់ផ្សេងទៀតដែល រង របួសមាន ទី១-ឈ្មោះ ឃួន តុលា អាយុ ១៥ឆ្នាំ របួសធ្ងន់, ទី២-ឈ្មោះ គុណ អាយុ ១៥ឆ្នាំ របួសស្រាល និងទី៣-ឈ្មោះ ផល បញ្ញា អាយុ១៥ឆ្នាំ របួសស្រាល។ ពួកគេ មានទីលំនៅភូមិត្រពាំងគោ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេល កើតហេតុ អ្នកភូមិគេធ្វើពិធីដង្ហែក្បួននាំ ប្រេតត្រឡប់ទៅវិញក្រោយបុណ្យឆ្លងភ្ជុំ បិណ្ឌ ហើយក្នុងពិធីនោះមានអ្នកភូមិចូល រួម និងព្រះសង្ឃផងដែរ។ ឆ្លៀតពេលនោះ ក្មេងៗលេងដុតផាវលាន់រំពងពេញភូមិ ដោយឡែកក្មេងប្រុសរងគ្រោះ៤នាក់នេះ យកចម្ពាមកៅស៊ូលេងបាញ់គ្រាប់ផាវមូលៗ ដូចគ្រាប់ឃ្លីបាញ់ដាក់គ្នាបណ្តាលឲ្យផ្ទុះ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួររំឭកថា ករណីផ្ទុះផាវស្លាប់ និងរបួស បានកើតមានឡើងចំនួន៣ករណីហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០១៧នេះ គឺករណី រថយន្តដឹកផាវផ្ទុះស្លាប់មនុស្សនៅខេត្ត បន្ទាយមានជ័យ, ករណីនៅស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល និងករណីចុងក្រោយ នេះ គឺផ្ទុះផាវស្លាប់ក្មេងប្រុសម្នាក់ របួស ធ្ងន់ម្នាក់ និងស្រាល២នាក់។
រដ្ឋបាលនៃសាលារាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងតាមហ្វេស ប៊ុកដោយបានបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែកញ្ញានេះ មានករណីគ្រោះថ្នាក់បាត់បង់ អាយុជីវិតកុមារាម្នាក់នៅសង្កាត់ស្នោ ខណ្ឌ ពោធិ៍សែនជ័យ បណ្តាលមកពីលេងផាវ ប្រភេទមានរូបរាងដូចគ្រាប់បែក ដែលកន្លង មករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញ សេចក្តីជូនដំណឹងហាមឃាត់ការប្រើប្រាស់ និងលក់ដូរផាវប្រភេទនេះរួចមកហើយ។
រដ្ឋបាលនៃសាលារាជធានីភ្នំពេញក៏សូម អំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាអាជីវករទាំងអស់សូម បញ្ឈប់នូវការប្រើប្រាស់ និងលក់ដូរផាវ ប្រភេទនេះជាបន្ទាន់ ពិសេសសូមណែនាំ កូនក្មួយកុំឲ្យលេងដែលអាចបង្កគ្រោះថ្នាក់ ដូចករណីខាងលើ។ ប្រសិនបើបងប្អូនបាន ឃើញនៅមានការបន្តលក់ដូរផាវប្រភេទ នេះទៀតសូមរាយការណ៍មកអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់បាន ទាន់ពេលវេលា៕ ហេង នរិន្ទ្រ