ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ថា ចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងធ្លាក់រាយប៉ាយកើនឡើង ជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹង ថា បន្ទាប់ពីក្រសួងបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូស បន្លាយលើភាគខាងជើងប្រទេស ។
សេចក្តីជូនដំណឹងដដែលបានបន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយកើនឡើងជាបន្តបន្ទាប់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧ខាងមុខដូចជានៅតាម តំបន់វាលទំនាប និងតំបន់ខ្ពស់រាបក្នុង ខណ្ឌ ស្រុក ក្រុងមួយចំនួននៃរាជធានី ភ្នំពេញ, ខេត្តកណ្តាល, កំពង់ឆ្នាំង, កំពង់ ស្ពឺ, តាកែវ, កំពត, ព្រៃវែង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ក្រចេះ, កំពង់ ចាម និងខេត្តត្បូងឃ្មុំ ។
ក្រសួងបញ្ជាក់ទៀតថា នៅតាមតំបន់ មាត់សមុទ្រក៏នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនហើយលើផ្ទៃសមុទ្រវិញក៏មានភ្លៀងធ្លាក់ច្រើន និងមានខ្យល់បោកបក់ខ្លាំងជា មួយនឹងរលកសមុទ្រខ្ពង់ខ្ពស់ចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ផងដែរ។ ទន្ទឹមនេះក្រសួងសូមបងប្អូនប្រជា នេសាទនិងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ដោយឡែកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ក្រសួងធនធានទឹក និងឧតុនិយមក៏បានព្យាករណ៍កម្ពស់ទឹកជំនន់នៅតាម បណ្តាស្ថានីយជលសាស្ត្រទាំង៨រួមមាន ស្ថានីយមានការកើនឡើងដែរដូចជាទន្លេមេគង្គ-ស្ទឹងត្រែង, ទន្លេមេគង្គ-ក្រចេះ, ទន្លេ មេគង្គ-កំពង់ចាម, ទន្លេបាសាក់-ចតុមុខ, ទន្លេមេគង្គ-អ្នកលឿង, ទន្លេបាសាក់-កោះ ខែល, ទន្លេសាប-ព្រែកក្តាម និងទន្លេសាប-កំពង់ហ្លួង ៕ឋ ហេង សូរិយា