ខេត្តប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមដំណើរដោយ លោក ផាន់ ចាន់ថុល អភិបាលរងខេត្តប៉ៃលិន និងលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំមន្រ្តីជំនាញបសុព្យាបាល និងក្រុមការងារ ចុះបាញ់ថ្នាំជីវសុវត្ថិភាព នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ ព្រមទាំងបានឧបត្ថម្ភថ្នាំ ដល់ភ្នាក់ងារពេទ្យសត្វភូមិសម្រាប់ព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វគោ ក្របី ត្រូវចេះតាមដានពីអារៈជំងឺសត្វរបស់ពួកគាត់ឲ្យបានទៀងទាត់ ដើម្បីឲ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញ៉ាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឲ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិចុះមកព្យាបាលបានទាន់ពេលវេលា ចៀសវាងការបណ្តោយទុករហូតដល់សត្វងាប់ ដែលនាំឲ្យខាត់បង់សេដ្ឋកិច្ចក្រុមគ្រួសារ។
លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍អំពាវដល់ប្រជាកសិករ ដែលចិញ្ចឹមសត្វ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺអុតក្តាម ដែលកំពុងរីករាលដាលលើសត្វគោ ក្របី ហើយចូលរួមការទប់ស្កាត់ទាំងអស់គ្នាកុំឲ្យជំងឺនេះ រីករាលដាលបន្តទៀត។
នៅក្នុងឱកាសនោះ លោកស្រី ក៏បានមានប្រសាសន៍ជំរុញ និងណែនាំដល់មន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងព្យាបាលជំងឺសត្វតាមបច្ចេកទេសបសុព្យាបាល និងផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យ ចួលរួមការពារជំងឺឆ្លងពីសត្វឈឺទៅសត្វមិនឈឺ ដូចជាការចាក់ថ្នាំវ៉ាក់សាំងបង្ការនៅតំបន់ ដែលមិនទាន់មានជំងឺ និងទប់ស្កាត់ ការចរាចរណ៍សត្វពីតំបន់ ដែលមានជំងឺទៅតំបន់ ដែលគ្មានជំងឺ ដើម្បីការពារការឆ្លងរីករាលដាល។
អ៊ុំប្រុស ប៉េ ភេទ អាយុ ៦៤ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ បច្ចុប្បន្នគាត់ចិញ្ចឹមគោ ជាង ៤០ក្បាល ហើយចាប់តាំងពីគាត់ចញចិញ្ចឹមមក គាត់មិន ដែលជួបប្រទះសត្វគោ កើតជំងឺអុតក្តាមច្រើនយ៉ាងនេះទេ។ អ៊ុំប្រុស ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងមន្ត្រីជំនាញ ដែលបានចុះមកព្យាបាលសត្វគោរបស់គាត់បានទាន់ពេលវេលា ដោយមិនចំណាយថវិកាក្នុងការទិញថ្នាំព្យាបាល បើមិនដូច្នេះទេគាត់ច្បាស់ជាខាតបង់ធំជាក់ជាមិនខាន។
បើតាមការបញ្ជាក់របស់លោក ខៀវ សុថុន ប្រធានការិយាល័យបសុព្យាបាល បានឲ្យដឹងថា៖ កាលពីដើមខែកញ្ញា មានករណីផ្ទុះជំងឺអុតក្តាមលើសត្វគោរបស់ប្រជាកសិករ នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១៨៦ក្បាលបានឈឺ និងបានងាប់ចំនួន ៣ក្បាល ហើយក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ ក៏រីករាលដាលដល់ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឲ្យសត្វគោ ឈឺចំនួន ២២៧ក្បាល ហើយបច្ចុប្បន្នមន្ត្រីជំនាញបសុព្យាបាល កំពុងព្យាបាល និងបាញ់ថ្នាំជីវសុវត្ថិភាពនៅក្នុងភូមិដើម្បីទប់ស្កាត់ការរីករាលដាល ៕ ស សារ៉េត