ប្រទេសចិន៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណ:ប្រតិភូអធិការកិច្ច អញ្ជើញជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ លោក ចាវ ហុងជូ (Zhao Hongzhu) លេខាធិការរង គណ:កម្មាធិការមជ្ឈឹមអធិការកិច្ចវិន័យ នៃគណបក្សកុម្មុយនីសចិន នៅទីក្រុងប៉េកាំង ប្រទេសចិន នារសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ។
ថ្លែងក្នុងឱកាសនោះ លោកលេខាធិការរង បានកោតសសើរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា ។
ជាការឆ្លើយតប លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាជន បក្ស និងរដ្ឋាភិបាលចិន ដែលជានិច្ចកាលគាំទ្រ និងយកចិត្តទុក្ខដាក់ក្នុងការឧបត្ថម្ភដល់កម្ពុជានាពេលកន្លងមក។
លោកស្រីក៏បានលើកឡើងផងដែរអំពីប្រវត្តិនៃទំនាក់ទំនងប្រទេសទាំងពីរ តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយលោកស្រីសង្ឃឹមថាប្រទេទាំងពីរកាន់តែរីកចម្រើនថែមទៀត។ បន្ទាប់មកប្រតិភូទាំងពីរក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកលើវិស័យអធិការកិច្ច និងទទួលទានអាហាររួមគ្នាស្ថិតក្នុងបរិយាកាសដ៏រីករាយ រាក់ទាក់ និងស្និទ្ធស្នាលជាទីបំផុត៕ ហេង សូរិយា