ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលឧទ្យានុរក្សលើកទី២ និងចុះហត្ថលេខាលើអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិភាគទី១

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខជាមួយនាយទាហាន ពលទាហាន និងបើកវគ្គបណ្ដុះបណ្ដាលមន្រ្តីឧទ្យានុរក្សស្ដីពីវិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មន្ត្រីឧទ្យានុរក្សទាំងអស់មកពីតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន៥ រួមមានខេត្តស្ទឹងត្រែង រតនគីរី ក្រចេះ ត្បូងឃ្មុំ និងខេត្តមណ្ឌលគីរី ដែលនឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនក្នុងរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិធីចុះអនុស្សរណៈចងសម្ពន្ធមេត្រីភាពរវាងក្រសួងបរិស្ថាន និងយោធភូមិភាគទី១ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលក្រសួងបរិស្ថានបានបញ្ជូនមន្រ្តីឧទ្យានុរក្សមកហ្វឹកហាត់បង្កើនសមត្ថភាព និងយុទ្ធសាស្រ្តល្បាតនៅក្នុងតំបន់ការពារធម្មជាតិដើម្បីអភិរក្សធនធានធម្មជាតិ។ ឯកឧត្ដម សាយ សំអាល់ បានផ្ដាំផ្ញើដល់សិក្ខាកាមដែលជាមន្រ្តីឧទ្យានុរក្សទាំងអស់ឲ្យយកចិត្តទុកដាក់ និងខិតខំរៀនសូត្រ ព្រមទាំងការតស៊ូរស់នៅជាមួយបងប្អូនកងទ័ពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រនិងត្រូវរក្សាសុខភាពឲ្យបានល្អដោយជៀសវាងបរិភោគអាហារដែលមិនបានចម្អិនល្អជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីឧទ្យានុរក្សគឺជាឆ្មាំចាំយាមសម្បត្តិធម្មជាតិរបស់កម្ពុជាហើយជាពិសេសគឺជាប្អូនប្រុសរបស់កងយោធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

កញ្ញា ខេង រីដា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាលើកទី១ហើយសម្រាប់កញ្ញា ប៉ុន្តែទោះជាយ៉ាងណាក៏កញ្ញានឹងខិតខំរៀនសូត្រអំពីយុទ្ធសាស្រ្តល្បាតនេះដើម្បីការពារខ្លួន។ កញ្ញា បានសង្កត់ធ្ងន់ថា ក្រោយពីបញ្ចប់ការហ្វឹកហាត់នេះ ចំណេះដឹងនិងបទពិសោធន៍ដែលកញ្ញាទទួលបាន កញ្ញានឹងអាចយកទៅបម្រើការងារក្នុងនាមជាមន្រ្តីឧទ្យានុរក្សដើម្បីថែរក្សានិងអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងពិធីនេះ ក្រសួងបរិស្ថាន ក៏បានផ្តល់អំណោយជាថវិកា និងស្បៀងជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន៨៧៥នាក់ និងមន្ត្រីឧទ្យានុរក្សចំនួន៨៥នាក់។ បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តល់ជូន GPS ដល់មន្ទីរបរិស្ថានខេត្តទាំង៥ រួមមាន ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ៕ សុខ ខេមរា

 


ចែករំលែក៖