ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១៣គ្រួសាររស់នៅ១៧ឆ្នាំស្នើសុំឲ្យអាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិបែរជាប្រធានភូមិបាលស្រុកទៅបោះបង្គោលយក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ១៣ គ្រួសារ រស់នៅតាមផ្លូវចូលផ្ទះតាម៉ុកក្នុង ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតី តេជោ​ហ៊ុន សែន ព្រមទាំងអភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មេត្តាជួយផ្ដល់បណ្ណកម្មសិទ្ធិដី លំនៅឋានដល់ពួកគាត់ទាំង១៣គ្រួសារ នេះផង ។

ពួកគាត់បានដាក់ពាក្យស្នើសុំដល់អាជ្ញាធរឃុំ ស្រុក ជាច្រើនខែមកហើយគ្មានការឆ្លើយតបអ្វីសោះ បែរជាលោក ស្ដើង វ៉ាន់ ណេត ប្រធានភូមិបាលស្រុក អន្លង់វែងទៅបោះបង្គោលជាប់នឹងផ្ទះរបស់គាត់ដែល កំពុងរស់នៅសព្វថ្ងៃដោយមានបំណងចង់ រំលោភយកដីរបស់ពួកគាត់ ហើយសង្ស័យអ្នកមានអំណាចមួយចំនួននៅស្រុកអន្លង់វែងនៅពីក្រោយខ្នងរឿងនេះផង ។ កាល ពីថ្ងៃចន្ទ ទី២៥ ខែកញ្ញាឆ្នាំ២០១៧ប្រជា ពលរដ្ឋទាំង១៣គ្រួសារបានលើកឡើង ដូចគ្នាថា ពួកគាត់បានរស់នៅទីនេះជិត ២០ឆ្នាំមកហើយ តែពុំទាន់មានបណ្ណកម្ម សិទ្ធិនៅឡើយទេ ហើយកាលពី៦ខែមុននេះពួកគាត់បានដាក់សំណើចូលទៅអាជ្ញាធរឃុំអន្លង់វែង ដើម្បីទទួលបានសិទ្ធកាន់កាប់ដោយស្របច្បាប់ ។ ចាប់ពីពេលដែលពួកគាត់បានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនោះមក គឺស្ងាត់ឈឹង រហូតដោយគ្មានការឆ្លើយតបពីអាជ្ញាធរ ឬ ក៏ជំនាញណាមួយឡើយ។ ក្រោយមកក៏ស្រាប់តែឃើញខាងជុំនាញសុរិយោដីស្រុកអន្លង់វែងលោកស្ដើង វ៉ាន់ណេតយកបង្គោលស៊ីម៉ងត៍ទៅបោះនៅខាងមុខផ្ទះពួកគាត់ ក្នុងគោលបំណងចង់ហ៊ុមព័ទ្ធដីរបស់ពួកគាត់យក។ ពេលឃើញអ្នកមានអំណាចទៅបោះបង្គោលនៅជាប់នឹងសសរផ្ទះរបស់គាត់ បែបនេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ដោយសារពួកគាត់គ្មានបណ្ណកម្មសិទ្ធិ ។

ពួកគាត់សូមអំពាវនាវដល់ប្រមុខរាជ រដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ព្រមទាំងលោក ស ថាវី សូមជួយពួកគាត់ឲ្យបានទាន់ពេលវេលា​ផងបើពុំនោះទេដីផ្ទះរបស់ពួកគាត់ប្រឈមនឹងអ្នកមានអំណាចរំលោភយក ដោយសារ តែដីមានតម្លៃ ។ នេះជាអំពើអយុត្តិធម៌មកលើពួកគាត់ខ្លាំងណាស់ពីព្រោះដីអ្នកមានអំណាចរាប់ហិកតានៅជុំវិញដីរបស់ពួកគាត់បែរជាមានបណ្ណកម្មសិទ្ធិទទួលដឹងឮគ្រប់លំដាប់ថ្នាក់ ។ រីឯដីរបស់ពួកគាត់បន្តិច បន្តួចមានទាំងផ្ទះរស់នៅអចិន្ដ្រៃយ៍ផងនោះ បែរជាអាជ្ញាធរមិនអើពើជាមួយពួកគាត់ទៅវិញ។

លោកវង្ស ភក្ដ្រ័ មេឃុំអន្លង់វែង បានឲ្យ ដឹងតាមទូរស័ព្ទថា លោកពិតជាបានទទួល ពាក្យស្នើសុំពីប្រជាពលរដ្ឋទាំង១៣គ្រួសារនោះពិតប្រាកដមែន ហើយលោកក៏បានធ្វើសំណើទៅសាលាស្រុកតាំងពីពេលនោះមកហើយដែរតែមិនទាន់ឃើញខាងសាលាស្រុកឆ្លើយតបទេ ហើយលោកក៏គ្មាន សិទ្ធិសម្រេចដែរ ។

លោក ស្ដើង វ៉ាន់ ណេត ប្រធានភូមិបាលស្រុកអន្លង់វែងមិនបានបកស្រាយទេ ដោយប្រាប់ថាជាប់រវល់ប្រជុំ ៕ ប៉ែន នួន


ចែករំលែក៖