ភ្នំពេញ៖ មន្ត្រីជំនាញមកពីក្រសួង បរិស្ថាន ស្ថាប័នពាក់ព័ន្ធ អង្គការ WWF និង ដៃគូធ្វើការលើបរិស្ថាននិងមកពីប្រទេសឥណ្ឌា បានជួបគ្នានៅភ្នំពេញ ហើយបានចុះទៅពិនិត្យជាក់ស្តែងនៅ ខេត្តមណ្ឌលគិរីរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបង្កើតតំបន់សត្វខ្លាធំនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងនៅលើ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ។
លោក សេង ទៀក នាយកប្រចាំ ប្រទេសរបស់អង្គការWWFបានឲ្យដឹងថា គម្រោងបង្កើតតំបន់សត្វខ្លាធំនឹងរៀបចំនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរី។ ការនាំចូលសត្វខ្លាធំត្រឡប់មកវិញអាចធ្វើឲ្យតំបន់ពិសេស មួយនេះរក្សាបានទៅអនាគតនិងក្លាយជាតំបន់អភិវឌ្ឍន៍មួយសម្រាប់ភាគឦសាននៃប្រទេសកម្ពុជា។
លោក មាស សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារក្រសួងបរិស្ថាន បានឲ្យដឹងថា គោលដៅនៃកិច្ចប្រជុំ នេះ គឺនាំមកនូវឱកាសដល់អ្នកពាក់ព័ន្ធ ទាំងអស់ ដើម្បីជួយយើងអំពីរបៀបដែល កម្ពុជា អាចនាំមកនូវសត្វខ្លាពីឥណ្ឌា។ លោក បានបញ្ជាក់ថា រាល់ព័ត៌មានទាំង អស់ដែលចូលរួមនឹងត្រូវបានបញ្ចូលនៅ ក្នុងការបង្កើតផែនការប្រតិបត្ដិការសម្រាប់ការដាក់កម្រិតសត្វព្រៃនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។ ក្នុងនាម ក្រសួងបរិស្ថាន លោក មាស សុផល បានវាយតម្លៃដើម្បីបង្កើតតំបន់ខ្លាធំ ឆ្ពោះទៅ រកការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ដើម្បីផលប្រយោជន៍ដ៏ល្អ សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគតផង ដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ការសិក្សារកឃើញសត្វខ្លាធំមានប្រមាណពី ១០ ទៅ១៥ក្បាល នៅក្នងព្រៃកម្ពុជា។ សត្វខ្លាធំ ត្រូវបានបាត់ខ្លួនអស់រយៈពេលជាងមួយឆ្នាំកន្លងមក តាមរយៈការត្រួត ពិនិត្យនិងវាយតម្លៃ។ ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល កម្ពុជាបានអភិរក្សនិងការពារធនធានធម្មជាតិនៅកម្ពុជាតំបន់ការពារត្រូវបានបង្កើតឡើង៤៦ កន្លែងនិងច្រកអភិរក្សជីវចម្រុះ(ភាគខាងកើតខាងជើងនិងភ្នំក្រវាញ) ដែលមានជាង ៧.៤ លានហិកតា ស្មើនឹង៤១ភាគរយនៃប្រទេសសរុប។
តំបន់ទាំងនេះស្ថិតនៅក្រោមយុត្តា ធិការរបស់ក្រសួងបរិស្ថាន ដែនជម្រក សត្វព្រៃស្រែពក នៅខេត្តមណ្ឌលគិរីគ្រប ដណ្តប់លើផ្ទៃដី ៣៧២.៩៧១ហិកតា ដែលជាតំបន់សម្បូរជីវៈចម្រុះ ដែលរក្សា បានប្រព័ន្ធអេកូឡូស៊ីបានល្អប្រសើរដែលភ្ជាប់ជាមួយដែនជម្រកសត្វព្រៃភ្នំព្រិចនិងជម្រកសត្វព្រៃលំផាត់ក្នុងខេត្តមណ្ឌលគិរី ផងដែរ៕ ហេង សូរិយា