ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវ ខាងឆ្វេងបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់បាក់ជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរស២ទៅ៣នាក់បើករថយន្តម៉ាកម៉ាស្ដា BT 50 ពណ៌កណ្ដុលល្មែះ ពាក់ស្លាកលេខ ភ្នំពេញ2AC-1999 មកចតនៅចញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុផ្នែកចំហៀងខាងឆ្វេងរួចដើរចូលទៅផ្ទះមួយកន្លែងនៅក្បែរនោះ។ លុះមួយស្ទុះក្រោយមកស្រាបតែមានយុវជនប្រុសស្រី២នាក់ជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1GN-8936 ជិះឌុបគ្នាតាមបណ្ដោយ ផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿនហើយបានចាប់ហ្វ្រាំបណ្ដាលឲ្យដួលអូសប្រហែល៥ម៉ែត្រចូលទៅក្រោម រថយន្តបណ្ដាលឲ្យយុវជនដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាងតែម្តង។ ចំណែកនារីម្នាក់ទៀតរបួសរលាត់ដៃនិងជើងភ្លាមៗត្រូវបានរថយន្តសង្គ្រោះមន្ទីរព្យាបាលហុង ហាក់ ដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូល ដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចំការមនមកវាស់វែងបន្ទាប់មកក៏មានអ្នក តំណាងជនរងគ្រោះមកដល់ចរចាគ្នាដោយយកម៉ូតូរថយន្តទៅជួសជល់រៀងៗខ្លួន៕ ភារ៉ា ដង្កោ