ខេត្តកំពង់ឆ្នាំងៈ ស្ត្រីម្នាក់លង់ទឹកស្លាប់ ខណៈគាត់ដើរទៅទិញស្រាឆ្លងផ្លូវលំដែល មានទឹកជន់លិច។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោវិមានគង្គារ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ឌី សារ៉ន អាយុ៥២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បម្រើការងារក្នុងផ្ទះសំណាក់ខាងលើ។
ប្រភពដដែលបានឲ្យដឹងថា នៅមុនពេល កើតហេតុស្ត្រីរងគ្រោះដើរឆ្លងកាត់ទឹកនៅលើផ្លូវគោលបំណងទៅទិញស្រាដែលគេ ដាក់លក់នៅតៀមក្បែរនោះ។ លុះបាត់យូរ ពេកមិនឃើញត្រឡប់មកវិញ ស្របពេល មេឃកំពុងភ្លៀងផងនោះ បងរបស់ស្ត្រីរងគ្រោះក៏ផ្អើលឆោឡោឡើង សួរអ្នកជិតខាង តែគ្មាននរណាបានឃើញនោះទេ។ ភ្លាមៗនោះ ដោយមានការសង្ស័យក៏នាំគ្នារាវរក ក្នុងទឹកនៅតាមបណ្តោយផ្លូវ ស្រាប់តែឃើញស្រ្តីរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយមកក្រុមគ្រួសារមិនបានរាយ ការណ៍ទៅសមត្ថកិច្ចនោះទេ លុះដល់ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សាកសពត្រូវ បានបងប្អូនសាច់ញ្ញាតិ ដឹកយកទៅតម្កល់ នៅវត្តយាយទេព រៀបចំធ្វើបុណ្យតាម ប្រពៃណី ខណៈដែលសមត្ថកិច្ចធ្វើកោសល្យ វិច័យរួចរាល់៕ សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច