ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៧ថ្ងៃក្រោយពីរដូវបុណ្យភ្ជុំបិណ្ឌនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការកកស្ទះរាល់ថ្ងៃ

ចែករំលែក៖

ប៉ោយប៉ែតៈ រយៈពេល៧ថ្ងៃមកហើយ ក្រោយពីរដូវបុណ្យភ្ជុំបិណ្ឌមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការកកស្ទះរាល់ថ្ងៃ គីចាប់តាំងពីម៉ោង៧ព្រឹករហូតមកដល់ម៉ោង១១ថ្ងៃ ។

ក្នុងការកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ គេសង្កេតឃើញមានរថយន្តដឹកទំនិញថៃ ប្រភេទធំៗដឹកទំនិញគ្រប់ប្រភេទរួមទាំងគ្រឿង កសិកម្ម និងរថយន្តសេរីទំនើបៗដឹកសម្រុកចូលមកតាមច្រកទ្វារខាងលើ ទើបមានការកកស្ទះមួយរយៈចុងក្រោយនេះ ។ ចំណែកភាគីកម្ពុជាដែលនាំចូលទៅប្រទេសថៃវិញ គេឃើញមានរទេះដឹកគីប/រទេះដឹកត្រីរួមទាំងផលិតផលកសិកម្មផងដែរ ។

បើតាមប្រភពពីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិប្រាប់ថាៈ ការកកស្ទះនៅច្រកទ្វារព្រំដែនខាងនេះ គីមានក្រោយរដូវបុណ្យភ្នំបិណ្យ ដែលទំនិញជាច្រើនត្រូវបានស្តុបទុកក្នុងឃ្លាំងរបស់អាជីវករខ្មែរ ក៏ដូចជាក្រុមហ៊ុនធំៗខាងភាគីថៃ ដោយទំនិញទាំងនោះ មិនបាននាំចេញឬចូលមកកម្ពុជា ខណៈឈ្មួញធំៗជាប់រវល់ទៅលេងស្រុកកំណើតនៅរដូវបុណ្យភ្ជុំបិណ្ឌជាប្រពៃណីខ្មែរ និងជាបរវល់ដើរកំសាន្ត ទើបនៅពេលបុណ្យភ្ជុំហើយនាំគ្នាដឹកសម្រុកចេញពីកម្ពុជា និងនាំទំនិញចូលកម្ពុជា ទើបបណ្ដាលឲ្យកកស្ទះរយៈពេល៧ទៅ៨ថ្ងៃចុងក្រោយនេះ ។

បើតាមប្រភពពីកម្មករអូរទេះដឹកខោអាវគីបបានបញ្ជាក់ថា ការកកស្ទះនេះមួយភាគបណ្ដាលមកពីក្រុមអាជីវករខ្មែររកស៊ីលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃពួកគាត់បានដឹកខោអាវគីប និងទំនិញផ្សេងៗចូលទៅលក់ក្នុងផ្សាររោងក្លឿប្រទេសថៃ ដោយគេសំអាងថា ជិតផ្លាស់ប្ដូរសមត្ថកិច្ចថៃប្រចាំច្រទ្វារខាងថៃដោយដូរអ្នកថ្មីមកជំនួស មានការតឹងរឹងទើបអាជីវករសម្រុកដឹកខោ អាវគីបចូលក្នុងផ្សាររោងក្លឿប្រទេសថៃឲ្យមុនការផ្លាស់ប្ដូរ ។

ជុំវិញការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ លោកវួច អូនប្រធានស្នាក់ការព្រំដែនអន្តរជាតិប៉ោយប៉ែតមានប្រសាសន៍តាមទូរសព្ទ័ថា ការកកស្ទះនៅច្រកទ្វារខាងលើនេះ គីបណ្ដាលមកពីខាងភាគីថៃ គេធ្វើផ្លូវមិនមែនដោយសារតែដឹកទំនិញនាំចេញ ចូលនោះឡើយ៕ វណ្ណា


ចែករំលែក៖