ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ១គ្រាប់របួសសន្តិសុខម្នាក់ ខណៈបង្រ្កាប និងឃាត់ខ្លួនវៀតណាម១៣នាក់ពាក់ព័ន្ធការជំរិតទារប្រាក់ពីជនជាតិវៀតណាមដូចគ្នា

ចែករំលែក៖

ខេត្តប៉ៃលិន៖ សមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ ត្រូវសន្តិសុខកាស៊ីណូម្នាក់នៅខេត្តប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់ខណៈដែលកម្លាំងសត្ថកិច្ចចេញប្រតិបត្តិការឡោមព័ទ្ធឆ្មក់ចូលបង្រ្កាបជនជាតិវៀតណាម និងជាតិខ្មែរនៅចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ឃាត់ខ្លួន១៣នាក់ ជាប់ពាក់ព័ន្ធ និងការចាប់ជំរិតទារប្រាក់ជនជាតិវៀតណាមម្នាក់ពីភ្នំពេញ យកមកលាក់ទុកនៅខេត្តប៉ៃលិន។ ការបង្រ្កាបនោះកម្លាំងសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ក្បែរច្រកអន្តរជាតិព្រំ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រតិបត្តិការនៃការចុះបង្រ្កាបកម្លាំងសមត្ថកិច្ច ក៏បានរំដោះជនរងគ្រោះបានសម្រេចប្រកបដោយសុវត្ថិភាពពីកណ្តាប់ដៃក្រុមចាប់ជំរិតទារប្រាក់ទាំងនោះផងដែរ។

សេចក្តីរាការណ៍ពីខេត្តប៉ៃលិនឲ្យដឹងថា ក្នុងចំណោមជនសង្ស័យរងការឃាត់ខ្លួនទាំង១៣នាក់នោះ មានជនជាតិវៀតណាមប្រុសស្រី១២នាក់ និងជនជាតិខ្មែរជាអ្នកបើករថយន្ត១នាក់។

ជនសង្ស័យទាំង១៣នាក់កំពុងត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីយកមកសាកសួរ និងចាត់ចែងតាមនីតិវិធីច្បាប់។ ប្រតិបត្តិការបង្រ្កាបក្រុមចាប់ចំរិតទារប្រាក់ខាងលើ ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំអនុវត្តផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។

សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឲ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យក្រុមចាប់ជំរិតទារប្រាក់ បានសម្រេចនៅពេលនោះដែរ ក្រោយពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវស៊ើបអង្កេត និងតាមប្រម៉ាញ់ ក្រុមជនសង្ស័យ ទើបដឹងថា ក្រុមជនសង្ស័យទាំងនោះបានចាប់ជនរងគ្រោះយកមកលាក់ទុកនៅខេត្តប៉ៃលិន ដើម្បីជំរិតទារប្រាក់។ បន្ទាប់មកកម្លាំងនគរបាល ក៏ឈានឆ្មក់ចូលបង្រ្កាបជនសង្ស័យនៅថ្ងៃខាងលើតែម្តង។

សូមបញ្ជាក់ថា សន្តិសុខម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើងសមត្ថកិច្ចមានឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុសអាយុ៣៦ឆ្នាំ។ សន្តិសុខរូបនោះរងរបួសត្រូវចំក្រោមដោះស្មាខាងស្តាំ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសថៃភ្លាមៗផងដែរ។ ការផ្ទុះអាវុធបណ្តាលឲ្យត្រូវសន្តិសុខកាស៊ីណូរូបនោះ នៅពេលដែលសមត្ថកិច្ចផ្ទុះអាវុធបាញ់បុកដីផ្លាតត្រូវជនរងគ្រោះ ស្ថិតនៅក្បែរកន្លែងកើតហេតុ។

សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឲ្យដឹងទៀតថា នៅចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោគឺជាកន្លែងដែលសំបូរទៅដោយជនជាតិបរទេសចម្រុះជាតិសាសន៍យកទីតាំងនោះធ្វើសកម្មភាពដូចជាការជួញដូរគ្រឿញៀន ជួញដូរមនុស្ស និងកន្លែងចាប់ជំរិតទារប្រាក់ផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖