ខេត្តបាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងក្របីស្អុយឡូត៍លេខ២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ជាប់បឹងទន្លេសាប នេះដែរ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា បទល្មើសនេសាទខុសច្បាប់ បាននិងកំពុងកើតមានជាបន្តបន្ទាប់មិនធូរស្បើយនោះឡើយធ្វើឡើងពីសំណាក់ក្រុមខិលខូច នៅក្នុងភូមិសាស្រ្តឃុំកោះជីវាំង និងឃុំ ព្រៃចាស់ ស្រុកឯកភ្នំនោះជាដើមផងដែរ។
ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចខាងលើត្រូវគេមើលឃើញថា បានដកហូតនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំនិងបានយកដុតកំទេសចោល ហើយក៏បានរំដោះត្រីជាច្រើនក្បាលឱ្យមានសេរីភាពឡើងវិញផងដែរ។ការចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកអភិបាលស្រុកឯកភ្នំនោះផងដែរក៏ត្រូវគេមើលឃើញថាជាវិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់និងការពារធនធានមច្ចាជាតិដែលកំពុងរងការវិនាសបាត់បង់ជាបណ្តើរនោះហើយពីការលួចនេសាទខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចនោះ។
សូមរំលឹកថា នៅក្នុងភូមិសាស្រ្តឃុំកោះជីវាំងស្រុកឯកភ្នំនោះដែរ កន្លងមកមានប្រជានេសាទមួយចំនួន ដែលប្រកបមុខរបរនេសាទខុសច្បាប់បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ៉ារិទ្ធ ឱ្យជួយអន្តរាគមន៍ជុំវិញអ្នកកាសែតមួយចំនួនតូច និងសត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតបានទៅជំរិតទារប្រាក់ពីបងប្រជានេសាទនោះផងដែរ។ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាស្រុកជាប់បឹងទន្លេសាប តែងតែលិចឮព័ត៌មាន ថាកើតមានបទល្មើសនេសាទខុសច្បាប់។បទល្មើសនេសាទខុសខុសច្បាប់មិនធូស្បើយនោះឡើយហើយការបង្រ្កាបក៏គេនិយាយថាគ្មានប្រសិទ្ធភាពនោះទេបើសិនជាសមត្ថកិច្ចគ្មានវិធានការស្រាវជ្រាវស៊ើបអង្កេតវែកមុខស្វែងរកបង្រ្កាបឃាត់ខ្លួនក្រុមខិលខូចអ្នកនេសាទខុសច្បាប់យកមកផ្ទាទោសតាមផ្លូវច្បាបបានទេនោះ៕ សំ វិច្ឆិកា