ព័ត៌មានទាន់ហេតុការណ៍៖

កំប៉ុងហ្គាសបញ្ចេញកំហឹងផ្ទុះខ្ទាតប៉ះចំស្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ក្នុងករណីផ្ទុះកំប៉ុងហ្គាសខ្ទាតចំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង ២៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច៖ ផ្ទះឈ្មោះ ហ៊ត សុខលី ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឲ្យរងគ្រោះ ឈ្មោះ មី រឿន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសត្រង់ក្បាលពោះ) ។
ប្រភពបន្តថា ម្ចាស់ផ្ទះលក់ចាបហួយ ឈ្មោះ ហ៊ត សុខលី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពបន្តថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ មី រឿន បានដើរទៅផ្ទះលក់ចាបហួយ របស់ឈ្មោះ ហ៊ត សុខលី ដើម្បីទិញស្រាថ្នាំផឹក ។ ពេលទៅដល់ក៏បានទិញស្រាចំនួន ២០០៛ រួចឈរផឹកនៅទីនោះ ខណៈនោះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះបានដាក់លក់ក្បែរនោះ ក៏ស្រាប់តែផ្ទុះបណ្ដាលអោយខ្ទាចកំប៉ុងត្រូវជនរងគ្រោះ ចំក្បាលពោះ រងរបួសដាច់រលាត់ចេញឈាមតែម្ដង ។
ភ្លាមៗនោះ ម្ចាស់ផ្ទះលក់ចាបហួយខាងលើ ក៏បានដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំតែម្ដង ។

បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ៕


ចែករំលែក៖