ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរកាត់ភ្លៀងរលឹមស្រិចៗ ដែលមានផ្គរន្ទះត្រូវបានរន្ទះបាញ់ស្លាប់ចោលប្រពន្ធទើបកូនខ្ចីខណៈដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅដាក់មងនៅប្រឡាយទឹកខាងបូងផ្ទះ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០១៧ នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ គី សៅ អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ប៉េង សារ៉ូ អាយុ៣២ឆ្នាំ និងមានកូនស្រីម្នាក់អាយុ១ខួប រស់នៅភូមិឃុំខាងលើ។
បើតាមប្រភពព័ត៌មានពីអ្នកភូមិឱ្យដឹងថា មុនពេលកើតហេតុមេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ ហើយថែមទាំងមានលាយលំផ្គរន្ទះទៀតផង។លុះបន្ទាប់មកជនរងគ្រោះក៏បានដើរចេញពីផ្ទះ ដែលបានកាន់មង ដើម្បីទៅរកត្រី នៅចំណុចប្រឡាយទឹកមួយកន្លែង ចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល៣០០ម៉ែត្រ។
នៅពេលជនរងគ្រោះដើរចេញពីផ្ទះបានប្រហែល១០០ម៉ែត្រ មិនទាន់ដល់គោលដៅនោះផង ក៏ស្រាប់តែរន្ទះក៏បានបាញ់ចំត្រូវជនរងគ្រោះបណ្តាលឱ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្តង។
ក្រោយពីទទួលព័ត៌មានករណីរន្ទះបាញ់ស្លាប់ជនរងគ្រោះខាងលើនោះមក ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានចាត់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បាននាំយកអំណោយរបស់លោក ឧបនាយកនាយករដ្ឋមន្រ្តីផ្ទាល់ ជាគ្រឿងឧបភោគ បរិភោគរួមមានៈ អង្ករ៥០គ.ក្រ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកត្រី៤យួរ, ទឹកបរិសុទ្ធ៩យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ដើម្បីប្រគល់ជូនក្រុមគ្រួសារសពដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងក៏ដើម្បីដោះស្រាយទុក្ខលំបាកក៏ដូចជាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ៕ សំ វិច្ឆិកា