ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដេញក្របីត្រឡប់មកផ្ទះ ចុះមុជទឹកប្រឡាយលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ហេតុតែក្ដៅស្អុះស្អាប់ខ្លាំងពេក បុរសម្នាក់ក្រោយពីដេញសត្វក្របីត្រឡប់មកផ្ទះ ហើយក៏ចុះមុជទឺកស្រះប្រឡាយនៅបឹងតាប៉ោ ខណៈស្រវឹងស្រាផងស្រាប់តែឈ្លក់ទឹកលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះដែរ ប៉ុន្តែយឺតពេលទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ មាស ជីម អាយុ 51ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង។

យោងតាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ប្ដីគាត់បានទៅដេញក្របីចូលផ្ទះដូចសព្វដង ប៉ុន្តែឃើញតែសត្វក្របីដើរមកផ្ទះ លុះប្រមាណជិត១ម៉ោងទើបមានការសង្ស័យបានហៅកូនទៅរកឪពុក ព្រោះរាល់ដងក្រោយពីដេញសត្វរួចហើយតែងតែចុះមុជទឹកជាប្រចាំ។

ប្រភពបន្តថាក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលបន្ទាប់ពីអ្នកភូមិបានរត់មកប្រាប់ថា ប្ដីមីងបានលង់ទឹកស្លាប់នៅទឹកស្រះប្រឡាយនៅបឹងតាប៉ោចំងាយពីផ្ទះជិត៨០០ម៉ែត្របាត់ទៅហើយ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចនគរបាលជំនាញបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ព្រោះមិនមានស្នាកស្នាមជាអំពើរឃាដកម្មអ្វីនោះទេ ៕ យឹម សុថាន

 


ចែករំលែក៖