ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យព្រះសង្ឃ២អង្គ និង អ្នកបើកម៉ូតូម្នាក់រងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ៤០និង៤១ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តក្រុងរបស់ក្រុមហ៊ុនរឹទ្ធមុន្នី ពាក់ស្លាកលេខ ភ្នំពេញ ៣C-៧៩៩៤ បើកបរក្នុងទិសដៅពីជើងទៅត្បូងនៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉តូមួយគ្រឿង ម៉ាកហុងដា ពាក់ស្លាកលេខ ១C-៨២៥៦ជិះគ្នា៣នាក់ ដែលមានព្រះសង្ឃ២អង្គនៅពីក្រោយ ដែលធ្វើដំណើរច្រាស់ទិសគ្នា ក៍ត្រូវរថយន្តបុកកៀរបណ្តាលឲ្យជនរងគ្រោះ ទាំងព្រះសង្ឃ និង អ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ស្រាលតែម្តង ។
ក្រោយពេលកើតហេតុ អ្នករងគ្រោះត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ចំណែកឯមធ្យោបាយបង្កត្រូវអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះឧត្តម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ចំណែកព្រះសង្ឃ២អង្គទៀត សមត្ថកិច្ចអត់ទាន់ស្គាល់ព្រះនាមនោះទេ ៕ ចន្ថា