ខេត្តកំពង់ឆ្នាំង ៖ ប្រពន្ធម្នាក់ស្លុតចិត្តនិយាយមិនចេញក្រោយ ប្តីប្រពន្ធនេះបានឈ្លោះទាស់ទែងសំដីគ្នា ពេលត្រឡប់ពីផ្ទះម្តាយក្មេកវិញឃើញប្តីរបស់ខ្លួនបានស្លាប់ធ្វើឲ្យប្រពន្ធរន្ធត់ជាខ្លាំង ដោយសារការស្លាប់របស់ប្តីមិនគួរឲ្យជឿ ដោយធ្វើអត្តឃាតខ្លួនឯងយកក្រមាចងកទៅនឹងធ្នឹមផ្ទះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះមានឈ្មោះមឿន គឺម សៀវហៅ ម៉ៅ អាយុ២១ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ុយ គន្ធា អាយុ២១ឆ្នំា រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ស្រ្តីឈ្មោះអ៊ុយ គន្ធា ជាប្រពន្ធ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្តី មានឈ្លោះគ្នាបន្តិចបន្តួច ក្រោយពីឈ្លោះគ្នា រូបគាត់ជាប្រពន្ធ បានចុះពីផ្ទះខ្លួនឯងទៅផ្ទះម្តាយក្មេក ដែលនៅជិតនោះ ហើយប្តីរបស់គាត់ គឺនៅផ្ទះម្នាក់ឯង ក្រោយពីត្រឡប់មកពីផ្ទះម្តាយក្មេកវិញ ក៍ស្រាប់តែឃើញប្តីរបស់ខ្លួន បានចងកទៅនឹង ធ្នឹមផ្ទះបាយ សម្លាប់ខ្លួនបាត់ទៅហើយ ។ ឃើញដូចនេះ រូបគាត់ តក់ស្លុតជាទីបំផុត ដោយមិននឹកស្មានថា ប្តីរបស់គាត់មានគំនិតខ្លីបែបនេះសោះ ក្រោយពេលឃើញបែបនេះ គាត់បានហៅបងប្អូន មកជួយគ្នា និង បានទៅហៅសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលសម្លាប់ខ្លួននេះ នេះ ពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ក្រោយពីពិនិត្យសាកសពរួចរាល់ បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចន្ថា