ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនបុកគោដើរឆ្លងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកគោដែលដើរឆ្លងផ្លូវ​ កាលវេលាម៉ោ​៦និង៣០នាទីព្រលប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅមុខផែស្ងួត អ៊ុយញ៉ុង តាមបណ្តោយផ្លូវ​ទំនប់កប់ស្រូវ​ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

ជនរងគ្រោះឈ្មោះលី មករា ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល​ ភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តតាកែវ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា​ នៅមុនពេលកើតហេតុ​​ ឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1A0886 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ស្រាប់តែ​មានគោមួយហ្វូង ដើរឆ្លងផ្លូវ ដោយស្ថានភាពងងឹតផងនោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកមេគោមួយក្បាល បណ្តាលឲ្យដួលអូស​បោកនឹងថ្នល់រងរបួសធ្ងន់ ។​

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។​

ដោយឡែកមេគោមួយក្បាលខាងលើ ត្រូវបានអ្នកឃើញហេតុការណ៍បានចាប់គោទុក ដើម្បីប្រគល់ឲ្យសមត្ថកិច្ចស្វែងរកម្ចាស់គោមកដោះស្រាយ។​

ក្រោយពេលកើតហេតុ​បានជាងមួយម៉ោង ស្រាប់តែម្ចាស់គោបានមកដោះស្រាយជាមួយភាគីខាងជនរងគ្រោះ បានទាមទារចំនួន១លានរៀល តែដោយភាគីខាងម្ចាស់គោសុំសម្រួលត្រឹម១៥០ដុល្លារ ដើម្បីចេញថ្លៃព្យាបាល និងថ្លៃជួសជុលម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុ​៕ សុខាសែនជ័យ


ចែករំលែក៖