ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកស្អាងកំពុងស្រាវជ្រាវករណីមនុស្សមួយក្រុមតាំងខ្លួនជាមន្ត្រីអង្គការ និងមន្ត្រីជលផលជំរិតទារលុយពីប្រជានេសាទ

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ញឹម វណ្ឌិន អភិបាលស្រុកស្អាងបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ចំពោះ ករណីមនុស្សមួយក្រុមដែលតាំងខ្លួនជា មន្ត្រីអង្គការបរិស្ថាន និងរដ្ឋបាលជលផល ហើយដើរទារលុយពីប្រជានេសាទតាម អំពើចិត្ត។

វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជានេសាទ មកថា មានមនុស្សមួយក្រុមដែលមានគ្នា ចំនួន៤នាក់បានអះអាងថា ពួកគេគឺជាមន្ត្រី អង្គការមន្ត្រីជលផល និងជាអ្នកកាសែត ផងបានមកទារលុយពីពួកគាត់ក្នុងមួយ ទូកចំនួន៥ម៉ឺនរៀល ដោយគំរាមថា ប្រសិន បើមិនបង់ឲ្យពួកគេទេនោះគេនឹងរឹបអូស ព្រមទាំងបំផ្លាញឧបករណ៍នេសាទរបស់ ពួកគាត់ចោលថែមទៀត ។

មនុស្សទាំង៤នាក់នោះត្រូវបានប្រជា នេសាទបញ្ជាក់ថា ទី១.ឈ្មោះឈាង សុបុណ្យ ហៅប៊ិន, ទី២ ឈ្មោះ ពុធ ប៊ុនហ៊ី, ទី៣ ឈ្មោះ លី ច័ន្ទម៉េង និងទី៤.ឈ្មោះ ន ទួន។

ពាក់ព័ន្ធនឹងករណីនេះ លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក៏បានសម្តែងប្រតិកម្មខ្លាំងៗផងដែរចំពោះមនុស្សមួយក្រុមនេះ ហើយថា លោកនឹងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់វិធានការ តាមច្បាប់ ចំពោះបុគ្គលណាដែលប្រើឈ្មោះរដ្ឋបាលជលផលទៅជំរិតទារប្រាក់ពីប្រជានេសាទ ។ បើទោះជាបុគ្គលនោះជាមន្ត្រីជលផលក៏ដោយ ក៏មិនអត់ ឱនឲ្យដែរ។

ដូចគ្នានេះដែរលោក ម៉ៅ ភិរុណ អភិ បាលខេត្តកណ្តាលបានថ្លែងថា ប្រសិនបើអង្គការណាដើរទៅទារលុយពីប្រជាពល រដ្ឋគឺជាអំពើខុសច្បាប់ , តើពួកគេមានលិខិត អនុញ្ញាតដែរឬទេ? តែបើមិនមានលិខិត អនុញ្ញាតទេ មានន័យថាជាចោរ ដូច្នេះនគរ បាលត្រូវតែចាប់ខ្លួន ៕ ហេង នរិន្ទ្រ


ចែករំលែក៖